ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលពីរនាក់វិជ្ជមានកូវីដ-១៩និង២៩នាក់ទៀតជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោល

ចែករំលែក៖

ខេត្តបាត់ដំបង ​៖ បើយោង​តាម​របាយ​ការ​ណ៍របស់​ស្នងការ​ដ្ឋាននគរបាលខេត្តបានបញ្ជាក់ឱ្យដឹង​ថា មន្ត្រី​នគរបាល​នៃការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចំនួន​២​នាក់ត្រូវ​បានក្រុម​គ្រូពេទ្យ​ធ្វើតេស្ដ​រហ័សកាលពី​ថ្ងៃ​ទី​២៩ ខែមិថុនាហើយ​រក​ឃើញ​មាន​«​វិជ្ជមាន​កូ​វី​ដ​-១៩» ព្រមទាំងមន្ត្រី​ចំនួន​២៩​នាក់​ទៀតក៏បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​និង​ដោយប្រយោល​ផងដែរ។

នៅ​ក្នុង​របាយ​ការ​ណ៍ដែលផ្ញើជូន​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្តម​សេនី​យ៍​ទោ សាត គឹ​ម​សាន ស្នងការ​នគរបាលខេត្តបាត់ដំបងបាន​រាយ​ការ​ណ៍ថា មន្ត្រី​នគរបាល​ចំនួន​២​នាក់នៅ​ក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវ​បាន​រក​ឃើញ​ឆ្លង​«​កូ​វី​ដ-១៩» និង មន្ត្រី​ពាក់ព័ន្ធ​ចំនួន​២៩​នាក់ទៀតក្នុង​នោះ​មាន​ចំនួន​១៣​នាក់​បានពាក់ព័ន្ធ​ផ្ទាល់​ ។ 

ក្នុងរបាយ​ការ​ណ៍​ដដែល​បាន​ឱ្យដឹង​ទៀតថា មន្ត្រី​២​នាក់​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩នោះ គឺ​លោកអនុ​សេនី​យ៍ទោ នូ ច​ន្ថា និង លោកព្រិ​ន្ទ​បាល​ទោ ហេង និ​រិ​ន​។

លោក​ឧត្តមសេនីយ៍ទោសាត គឹ​ម​សាន បាន​បញ្ជាក់​ថា មន្ត្រី​ដែល​ឆ្លង​កូ​វី​ដ​-១៩​ចំនួន​០២​នាក់ និង មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំង​២៩​នាក់នោះត្រូវ​បាន​ធ្វើតេស្ដ​រហ័ស កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ហើយ​ពេល​នោះមន្ត្រី​មាន​វិជ្ជមានកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ រីឯ​មន្ត្រី​ពាក់ព័ន្ធបាន​ដាក់​ឲ្យ​ធ្វើច​ត្តា​ឡី​ស័ក នៅ​ក្នុង​បន្ទប់​សម្រាក​ប្រចាំការរបស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​តែម្តង។

ពាក់ព័ន្ធ​នឹង​មន្ត្រី​០២​នាក់ខាងលើដែល​រក​ឃើញ​មាន​ផ្ទុក​«​កូ​វី​ដ-១៩» នេះ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឱ្យដឹង​ដែរ​ថា លោក​មិន​ទាន់​បានដឹង​អំពី​ប្រវត្តិនៃ​ការ​ឆ្លង​ជំងឺកូ​វី​ដ​-១៩មក​ដល់​មន្ត្រី​របស់​លោក​ទាំង២​នាក់​នេះ​ទេ​។ ប៉ុន្តែ​លោក​បានដាក់​ការ​សង្ស័យ​ទៅ​លើ​កិច្ច​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​មួយ​ករណី កាលពី​ជាង​១០​ថ្ងៃមុន នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

លោក ឈឿ​ង គឹ​ម​សុង បាន​រំលឹក​ថា លោក​បាន​ដឹកនាំ​កម្លាំង​របស់​លោក​មួយ​ក្រុម​ចុះ​អនុវត្ត​ដីកាចាប់ខ្លួន​ជនសង្ស័យ​មួយ​ករណី នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ជាង​១០​ថ្ងៃមុន ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​សមត្ថកិច្ច​ដែនដី​ផង​ដែរ។ ដូច្នេះ​លោក​សង្ស័យ​មន្ត្រី​របស់​លោកអាច​ឆ្លង​កូ​វី​ដ​-១៩តាំងពី​ពេល​នោះ​មក តែ​ទើប​ធ្វើតេស្ដ​រក​ឃើញ​វិជ្ជមាននៅ​ពេល​នេះ​។ ប៉ុន្តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​បឋម​តែ​ប៉ុណ្ណោះ​៕

ដោយ៖​អរុណរះ


ចែករំលែក៖