ខេត្តបាត់ដំបង ៖ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ឱ្យដឹងថា មន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចំនួន២នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ដរហ័សកាលពីថ្ងៃទី២៩ ខែមិថុនាហើយរកឃើញមាន«វិជ្ជមានកូវីដ-១៩» ព្រមទាំងមន្ត្រីចំនួន២៩នាក់ទៀតក៏បានជាប់ពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលផងដែរ។
នៅក្នុងរបាយការណ៍ដែលផ្ញើជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានរាយការណ៍ថា មន្ត្រីនគរបាលចំនួន២នាក់នៅក្នុងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានរកឃើញឆ្លង«កូវីដ-១៩» និង មន្ត្រីពាក់ព័ន្ធចំនួន២៩នាក់ទៀតក្នុងនោះមានចំនួន១៣នាក់បានពាក់ព័ន្ធផ្ទាល់ ។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា មន្ត្រី២នាក់ដែលមានវិជ្ជមានកូវីដ-១៩នោះ គឺលោកអនុសេនីយ៍ទោ នូ ចន្ថា និង លោកព្រិន្ទបាលទោ ហេង និរិន។
លោកឧត្តមសេនីយ៍ទោសាត គឹមសាន បានបញ្ជាក់ថា មន្ត្រីដែលឆ្លងកូវីដ-១៩ចំនួន០២នាក់ និង មន្ត្រីដែលពាក់ព័ន្ធទាំង២៩នាក់នោះត្រូវបានធ្វើតេស្ដរហ័ស កាលពីថ្ងៃទី២៩ ខែមិថុនា ហើយពេលនោះមន្ត្រីមានវិជ្ជមានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯមន្ត្រីពាក់ព័ន្ធបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់សម្រាកប្រចាំការរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តតែម្តង។
ពាក់ព័ន្ធនឹងមន្ត្រី០២នាក់ខាងលើដែលរកឃើញមានផ្ទុក«កូវីដ-១៩» នេះ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ឈឿង គឹមសុង បានឱ្យដឹងដែរថា លោកមិនទាន់បានដឹងអំពីប្រវត្តិនៃការឆ្លងជំងឺកូវីដ-១៩មកដល់មន្ត្រីរបស់លោកទាំង២នាក់នេះទេ។ ប៉ុន្តែលោកបានដាក់ការសង្ស័យទៅលើកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសមួយករណី កាលពីជាង១០ថ្ងៃមុន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ឈឿង គឹមសុង បានរំលឹកថា លោកបានដឹកនាំកម្លាំងរបស់លោកមួយក្រុមចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យមួយករណី នៅក្រុងប៉ោយប៉ែត កាលពីជាង១០ថ្ងៃមុន ដែលមានកិច្ចសហការពីកម្លាំងសមត្ថកិច្ចដែនដីផងដែរ។ ដូច្នេះលោកសង្ស័យមន្ត្រីរបស់លោកអាចឆ្លងកូវីដ-១៩តាំងពីពេលនោះមក តែទើបធ្វើតេស្ដរកឃើញវិជ្ជមាននៅពេលនេះ។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានបឋមតែប៉ុណ្ណោះ៕
ដោយ៖អរុណរះ