ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរលួចឆ្លងដែនខុសច្បាប់និយាយថាក្នុងម្នាក់ចំណាយប្រាក់ឲ្យមេខ្យល់ចំនួន៧.០០០បាត ខណៈដែលទាហានថៃបានចាប់ពីរគោលដៅផ្សេងគ្នាកាលពីវេលាម៉ោង១០និង១៩នាទី ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ ។
សមត្ថកិច្ចតាមព្រំដែនប្រាប់ឱ្យថា កម្លាំងនគបាលល្បាតព្រំដែនទី១២ និងសមត្ថកិច្ចទាហានក្រុមចំពោះកិច្ចតាព្រះយ៉ា កងកម្លាំងបូរផា សហការគ្នាចាប់ឃុំខ្លួនពលករខ្មែរចំនួន៥នាក់ ក្នុងនោះប្រុស៣និងស្រី២នាក់ នៅបរិវេណភូមិទព័សៀម ឃុំតាព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចនាំខ្លួនយកមកសួរនាំបន្ថែម។
នៅពេលសួរនាំពលករទាំងនោះបានប្រាប់ថា ដោយចង់បានការងារធ្វើ ទើបបបួលគ្នាធ្វើដំណើរចាកចេញពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដោយមានមេខ្យល់ជាជនជាតិខ្មែរនាំផ្លូវដើរតាមច្រករបៀងចូលមកប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់ៗ ៧.០០០បាត។
លុះនៅម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចថៃដដែល ចាប់ឃុំខ្លួនពលករខ្មែរចំនួន៩នាក់ទៀត ក្នុងនោះប្រុស៥ និងស្រី៤នាក់ នៅបរិវេណភូមិ មើនសម្បូរ ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។
ពេលសមត្ថកិច្ចថៃសួរនាំពលករខ្មែរទាំង៩នាក់ បានប្រាប់ថា មកពីខេត្តបន្ទាយមានជ័យ៥នាក់ និងខេត្តឧត្តមានជ័យ៤នាក់ ដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកនាំផ្លូវ នាំដើរកាត់តាមច្រករបៀងចូលមកប្រទេសថៃ។បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចថៃ បាននាំខ្លួនពលករខ្មែរទាំងអស់ ទៅធ្វើកំណត់ហេតុចាប់ខ្លួន និងអនុវត្តតាមវិធានរបស់សុខាភិបាល និងបញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ៕
ដោយ ៖ វណ្ណា