ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! វ៉ាក់សាំងការពារកូវីដ-១៩​ ដូសទី៣​ របស់​រុស្ស៊ី​ ចាប់ផ្តើមយុទ្ធនាការចាក់ជូនប្រជាជនខ្លួន​ ដើម្បីទប់ទល់វីរុសបម្លែងថ្មី Delta

ចែករំលែក៖

អន្តរជាតិ​៖​ ប្រទេស​រុស្ស៊ី​ ខណៈដែលវីរុសបម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា) កំពុងរាតត្បាតខ្លាំង នៅថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ​ គ្រឹះ​ស្ថានសុខាភិបាលទីក្រុងម៉ូស្គូ​ នៃប្រទេសមួយនេះ បានបេីកយុទ្ធនាការចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 “ដូសទី ៣”។

ជាក់ស្ដែង​បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍នេះដែរ​ បានចុះផ្សាយថា​៖​ ក្រសួងសុខាភិបាលរុស្ស៉ី កាលពីថ្ងៃពុធទី៣០​ ខែមិថុនា​ម្សិលមិញនេះ​ បានប្រកាសចេញគោលការណ៍ថ្មី សម្រាប់កម្មវិធីចាក់វ៉ាក់សាំង COVID-19 ថ្នាក់ជាតិ ដោយផ្តល់អនុសាសន៍ឲ្យគ្រឹះស្ថានសុខាភិបាលទាំងអស់ ចាប់ផ្តើមចាក់ដូសទី ៣ ជូនដល់អ្នកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងកាលពី ៦ខែមុន ឬយូរជាងនេះ ហើយវាក៏បាននាំឲ្យរុស្ស៉ី ក្លាយជាប្រទេសដំបូងគេក្នុងលោក ដែលបានធ្វើយ៉ាងដូច្នេះជាផ្លូវការ។

សូមជម្រាបថា​ ក្នុង​យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ នេះដែរ​ ត្រូវបានជំរុញដោយការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ នាពេលថ្មីៗនេះនៃករណីឆ្លង COVID-19 ដែលទំនងជាដោយសារវីរុសបម្លែងថ្មី Delta បូករួមជាមួយអត្រាចាក់វ៉ាក់សាំង ដែលទើបសម្រេចបានកម្រិតទាប នៅក្នុងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា ប្រទេសរុស្ស៉ី​ បានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការ COVID-19 តាំងពីខែមករា ដើមឆ្នាំ២០២១នេះក៏ពិតមែន ប៉ុន្តែមនុស្សត្រឹម ១៧លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបរុស្ស៉ីសរុបជាង ១៤៤លាននាក់ ដែលចាក់បានគ្រប់ដូស។

ដោយឡែក​ក្រុមអ្នកវិទ្យាសាស្រ្ត ដែលអភិវឌ្ឍវ៉ាក់សាំងនាំមុខរបស់រុស្ស៉ីគឺ Sputnik កាលពីពេលកន្លងមកនេះ​ ក៏បានអះអាងដែរថា៖ ការការពារដែលទទួលបានពីវ៉ាក់សាំងនេះ អាចមានប្រសិទ្ធភាពប្រឆាំង COVID-19 លើសពី ៦ខែ ប៉ុន្តែដោយសារសមត្ថភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៃវីរុសបម្លែងថ្មី Delta គឺគួរតែមានការចាក់វ៉ាក់សាំងដូសទី ៣ បន្ថែម ដើម្បីរក្សាបរិមាណអង់ទីករការពារក្នុងរាងកាយ ឲ្យស្ថិតនៅកម្រិតខ្ពស់តាមតែអាចធ្វើទៅបាន។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃពុធម្សិលមិញ រុស្ស៊ីបានរាយការណ៍ពីចំនួនមនុស្សស្លាប់ ៦៦៩នាក់ និងកាលពីថ្ងៃអង្គារមុននេះទៀតចំនួន ៦៥២នាក់។ តួលេខទាំងបីថ្ងៃនេះ គឺសុទ្ធតែខ្ពស់បំផុត ដែលរុស្ស៊ីមិនធ្លាប់ជួបប្រទះនោះឡើយ គិតចាប់តាំងពីជំងឺ COVID-19 បានរាតត្បាតប្រទេសនេះ ដំបូងកាលពីឆ្នាំ២០២០។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីមានករណីឆ្លង COVID-19 សរុប ៥,៥៣៨,១៤២ករណី ក្នុងនោះស្លាប់ ១៣៥,៨៨៦នាក់ និងជាសះស្បើយ ៥,០១៧,៣២១៕ដោយ៖ស តារា

រូបភាព​៖ឯកសារ​

 


ចែករំលែក៖