ព័ត៌មានទាន់ហេតុការណ៍៖

គ្រឹះស្ថានអង្គរ៖​ គិតត្រឹម​ឆមាសទី១ឆ្នាំនេះ​ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត ២២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្ត​សៀមរាប៖ គ្រឹះស្ថានអង្គរ​ ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១នេះ​ បានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ៥,៣២៩នាក់ ធ្លាក់ចុះ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២១៩,២១៨ដុល្លារអាមេរិកធ្លាក់ចុះ៩៨.៧៩ភាគរយ។​ នេះបើ​យោងតាមទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។ទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ​ បានបញ្ជាក់បន្ថែមថា​ សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែមិថុនា ឆ្នាំ២០២១ បានលក់បណ្ណជូនភ្ញៀវចំនួន ៥៥៥នាក់ ធ្លាក់ចុះ៦៨.២៣ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២២,០១០ដុល្លារអាមេរិក ធ្លាក់ចុះ៦៩.០៩ភាគរយ។គួរបញ្ជាក់ថា​ ក្នុងខែមិថុនានេះផងដែរ គឺថវិកាចំនួន ១,១១០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៦ខែ គឺមានចំនួន ១០,៦៥៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕

ដោយ​៖សហការី


ចែករំលែក៖