ព័ត៌មានទាន់ហេតុការណ៍៖

ហុងកុងប្រារព្ធខួប២៤ឆ្នាំថ្ងៃអង់គ្លេសប្រគល់ទៅឱ្យចិនវិញ

ចែករំលែក៖

នៅថ្ងៃទី១ខែកក្កដា នៅទីលានស្ថិតនៅក្នុងខណ្ឌ Wanchai ទីក្រុងហុងកុង បានប្រារព្ធខួប២៤ឆ្នាំ ថ្ងៃអង់គ្លេសប្រគល់កោះហុងកុងសងទៅឲ្យចិនដីគោកវិញ (1/7/1997-1/7/2021)។
ដូចជារៀងរាល់ឆ្នាំដែរ នៅក្នុងពិធីនេះមានឧទ្ធម្ភាគចក្រហោះហើរនាំទង់ជាតិចិន និងទង់តូចតំណាងឲ្យកោះហុងកុង ហោះហើរនៅជុំវិញទីតាំងរៀបចំពិធី ។ ជាមួយគ្នានោះដែរ ក៏មាននាវាដ៏ធំនៅឈូងសមុទ្រ Victoria ដើម្បីប្រារព្ធទិវាដ៏សំខាន់នេះ។
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ រដ្ឋាភិបាលអង់គ្លេស បានសងកោះហុងកុងទៅឲ្យចិនដីគោកគ្រប់គ្រងវិញ។ រដ្ឋាភិបាលចិនបានដាក់កោះហុងកុងជាតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន តាមបែបប្រទេសមួយរបបដឹកនាំពីរ ពឹងផ្អែកទៅលើច្បាប់មូលដ្ឋានរបស់កោះហុងកុង ។
តាមច្បាប់រដ្ឋាភិបាលចិនគឺត្រូវគ្រប់គ្រងលើវិស័យការបរទេសនិងយោធា ចំណែកវិស័យផ្សេងៗទៀត រដ្ឋាភិបាលកោះហុងកុងជាអ្នកទទួលខុសត្រូវ ។
ថ្ងៃទី១ខែកក្កដា ក៏ជាពេលវេលា ដែលចិនរៀបចំខួបនៃការបង្កើតបក្សកុម្មយនីស្តចិន ហើយឆ្នាំនេះគឺគម្រប់ខួប១០០ឆ្នាំ ដោយចិនបានប្រារព្ធពិធីធំជាងរាល់ឆ្នាំ ក្នុងនោះមានការហោះហើរសម្តែងពីសំណាក់ឧទ្ធម្ភាគចក្រនិងយន្តហោះចម្បំាង រៀបជាលេខ១០០នៅលើដែនអាកាស៕ដោយ៖ ធីរីណា

រូបភាព៖AFP+Reuters 

រូបភាព៖Chinannews


ចែករំលែក៖