ភ្នំពេញ៖ បើយោងតាមអនុក្រឹត្យដែល អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” ទើបទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា, លោក ហាស់ សូបិន្ត អភិបាលរងខេត្តកំពត ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ថ្មីៗនេះ ចេញអនុក្រឹត្យមួយ ដោយសម្រេច ផ្ទេរភារកិច្ច ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ វិញ។
តំណែងថ្មីនេះស្ទើរស្មើនឹងដកបញ្ឈរជើង។
សូមបញ្ជាក់ថា, លោក ហាស់ សូបិន្ត ដែលទើបត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តកំពត មកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ នាពេលនេះ ក្រោយធ្លាយព័ត៌មាន ថា «លោកដាច់លុយខ្លាំងពេក ហើយហ៊ានយករថយន្តរដ្ឋ កែស្លាកលេខ រួចយកទៅបញ្ចាំចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក» សុទ្ធតែជារឿងព្រហ្មទណ្ឌ ក្នុងនាមខ្លួនជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈផងដែរ។
សូមជម្រាបថា, នៅក្នុងកិច្ចសន្យាបញ្ចាំរថយន្ត បានសរសេរខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទឈ្មោះ ហាស់ សុបិនភេទប្រុស អាយុ៣៩ឆ្នាំ បានបញ្ចាំរថយន្តម៉ាក លុចស៊ីស Lx570 ឆ្នាំផលិត២០១២ ស្លាកលេខ2AB-7513 ឲ្យទៅឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ក្នុងទឹកប្រាក់៣ម៉ឺនដុល្លារគត់ ដោយឲ្យការប្រាក់ ៣ភាគរយក្នុង១ខែ ដោយគិតចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២ តទៅ ហើយបើរថយន្តនេះ មានអ្នកតវ៉ា ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់» ។
ទីបំផុត! អាចនឹងមានរឿងបន្តទៀតដែលថ្នាក់លើឈានដល់ ដំណើរការរឿងផ្សេងទៀត ដល់ព្រហ្មទណ្ឌ យករថយន្តរដ្ឋទៅកែស្លាកលេខ និងបញ្ចាំ៕
ដោយ ៖ សិលា