ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូលឿនវ៉ារថយន្តមួយគ្រឿងមិនផុតក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីទាំងពីរដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៨៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1S-5981 តាមបណ្ដោយផ្លូវលេខ៤៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចផ្លូវបំបែកជាបួនកែងផ្លូវលេខ៨៤ បានបើកវ៉ារថយន្តមិនផុតក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IQ-7487 ដែលជិះបញ្រ្ចាសទិសដៅគ្នាចំពីមុខពេញទំហឹងដួលបោកទៅនឹងថ្នល់រងរបួសសន្លប់ស្ដូកស្ដឹងទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាលនៅគ្លីនិកឯកជន ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅឯការិយល័យចរាចរណ៍ផ្លូវគោក ខណ្ឌដូនពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖