ភ្នំពេញ ៖ មានបុរសម្នាក់បើករថយន្ត Lexus RX-300ជ្រុលទៅបុកជាមួយរថយន្តToyota Prius ពីចំហៀងយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តទាំងសងខាងខូចខាតយ៉ាងដំណំ ហើយភាគីទាំងពីរជជែកយកត្រូវរៀងៗខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន គឺផ្លូវលេខ៣១០ កែងនឹងផ្លូវលេខ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀតបើករថយន្ត Toyota Prius មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BF-1948តាមបណ្ដោយផ្លូវលេខ៣១០ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចផ្លូវបំបែកជាបួនស្រាប់តែមាន រថយន្ត Lexus RX-300គ្រឿងពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2Q-7712 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីកើតទៅលិច ចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងរថយន្ត Toyota Prius ផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាងកន្លះម៉ោង ដោយភាគីទាំងពីរនៅជជែកយកត្រូវរៀងៗខ្លួន ដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ