ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក ជាជំហានទី២ ជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ ជាជំហានទី១ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ហើយកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ផ្ទះចំនួន ៥០ខ្នង ជាជំហានទី១ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៥០គ្រួសារ រួចមកហើយដែរ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។ បងប្អូនអតីតយុទ្ធជនដែលបានចូលមករស់នៅបណ្តើរៗ ក៏បានចាប់ផ្តេីមកសាងជីវិតថ្មី នៅលេីទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម និងមានសុភមង្គល ជាមួយនឹងការដាំដុះភោគផលបន្លែជាច្រើនមុខ ការចិញ្ចឹមសត្វ និងការលក់ដូរជាដើម។ កូនៗរបស់ពួកគាត់ដែលជាអ្នកនៅខេត្តផ្សេងៗបានមកលេងដល់ទីនេះ មានក្តីរំភើប សប្បាយរីករាយ ដោយមិននឹកស្មានថាឪពុកម្តាយរបស់គាត់ទទួលបានផ្ទះស្អាត មានដីល្អ និងទីតាំងគួរឱ្យចង់រស់នៅបែបនេះនោះទេ។
យោងតាមវឌ្ឍនភាពនៃដំណើរការសាងសង់ កាកបាទក្រហមកម្ពុជា គ្រោងនឹងរៀបចំពិធីប្រគល់-ទទួលផ្ទះចំនួន ១៣០ខ្នង-១៥០ខ្នងទៀត ជាជំហានទី២ នៅដេីមខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ ការប្រគល់-ទទួលផ្ទះជាជំហានៗនេះ ត្រូវធ្វើឡើងដោយមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មានផ្លូវថ្នល់ អគ្គិសនី ផ្ទះ បន្ទប់ទឹក អណ្តូងទឹក ចង្ក្រានបាយ របងផ្ទះ។ល។ ដើម្បីឱ្យបងប្អូនអតីតយុទ្ធជនអាចចូលរស់នៅដោយងាយស្រួល និងអាចប្រកបរបរបង្កបង្កើនផល ឬអាជីវកម្មខ្នាតតូចបាន ទន្ទឹមនឹងដំណើរការសាងសង់សាលារៀន មណ្ឌលសុខភាព ក៏បានចាប់ផ្តើមហើយដែរ។
សូមជម្រាបជូនថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ងត៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣.៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែក មានតម្លៃ ២៧០ដុល្លារអាមេរិក៕
ដោយ៖ សិលា