ខេត្តកណ្ដាល៖ បុរស៣នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គ្នាយ៉ាងអាណោចអាធ័ម ក្រោយពីនាំគ្នាផឹកស្រាថ្នាំរួច។ករណីនេះបានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិលេី ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១-ឈ្មោះ ម៉ែន សាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកេីតហេតុ, ទី២-ឈ្មោះ ហាក់ គឺមស្រុី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ និងទី៣-ឈ្មោះជួន ប៉ុន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកេីតហេតុ។
ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះទាំង៣នាក់ខាងលើបានផឹកស្រាជាប្រចាំ ពុំសូវហូបបាយហូបទឹកទេ រហូតដល់មានសភាពញៀនស្រាខានផឹកពុំបាន។ លុះមកដល់ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១ វេលា ម៉ោង៨:០០នាទី ឈ្មោះ ហាក់ គឹមស្រុី បានប្រើកូនរបស់ខ្លួនឲ្យទៅទិញស្រាថ្នាំពីផ្ទះឈ្មោះ ជា សំអាត ភេទស្រី ចំនួនកន្លះលីត្រយកមកផឹកនៅផ្ទះរបស់ខ្លួនជាមួយឈ្មោះ ម៉ែន សាន អស់ចំនួន១ដបស្មើនឹងកន្លះលីត្រ បន្តែនៅសល់បាតដបបន្តិច ហើយមកដល់ថ្ងៃទី០៣ខែឆ្នាំដដែល វេលាម៉ោង១០:០០នាទី ឈ្មោះ ហាក់ គឹមស្រ៊ី បានកាន់ស្រាថ្នាំ១ដបស្មើនឹងកន្លះលីត្រ ទៅផឹកនៅរោងកាត់សក់របស់ឈ្មោះ នាង យាន ម្នាក់ឯង តែមិនដឹងទិញពីផ្ទះណាទេ ដោយក្លែមជាមួយផ្លែពុទ្រា រហូតដល់ម៉ោង១៦:០០នាទី ទើបឈ្មោះ ហាក់ គឹមស្រ៊ី ត្រលប់មកផ្ទះវិញ ឯឈ្មោះ ម៉ែន សាន និងឈ្មោះ ជួន ប៉ុន មិនដឹងផឹកស្រានៅកន្លែងណាទេ រហូតមកដល់វេលាម៉ោង២៣:៣០នាទី ថ្ងៃដដែល ឈ្មោះ ម៉ែន សាន មានសភាពពិបាកដកដង្ហើម ពេលនោះបងប្អូនបានកោសខ្យល់ឱ្យ និងធ្វើចលនាផង តែឈ្មោះ ម៉ែន សាន បានស្លាប់បាត់បង់ជីវិតទៅហើយ។ លុះមកដល់ម៉ោង២:០០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៤.០៧.២០២១ ឈ្មោះ ជួន ប៉ុន ក៏មានសភាពថប់ដង្ហើម និងបែកពពុះមាត់ ហើយក៏ស្លាប់បាត់បង់ជីវិតទៅ និងមកដល់ម៉ោង២:៣០នាទីរំលងអធ្រាត្រថ្ងៃដដែល ឈ្មោះ ហាក់ គឹមស្រុី ក៏មានសភាពថប់ដង្ហើម ហូរទឹកមាត់និងប្រកាច់ ពេលនោះប្រពន្ធកូនបានជួយធ្វើចលនាឱ្យ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម រួចគ្រូពេទ្យបានចុះទៅយកសំណាករកមេរោគកូវីដ-១៩ លទ្ធផលអវិជ្ជមានទាំង៣នាក់ ហើយសមត្ថកិច្ចការិយាល័យជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប៉ុស្តិ៍ ពេទ្យបង្អែកស្រុក ពេទ្យមណ្ឌលសុខភាពឃុំ និងក្រុមគ្រួសារសពបានពិនិត្យសាកសពយ៉ាងហ្មត់ចត់ឃើញថា សាកសពទាំង៣នាក់មានសភាពករឹង អញ្ចាញធ្មេញពណ៌ស្វាយ ចុងដៃនិងចុងជើងពណ៌ស្វាយ ផ្នែកក្បាល ដងខ្លួន និងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
សន្និដ្ឋាន ៖ តាមយោបល់គ្រូពេទ្យ និងជំនាញ ជនរងគ្រោះទាំង០៣នាក់ស្លាប់ដោយសារគាំងបេះដូង (អាចបណ្តាលមកពីផឹកស្រាច្រើន) ក្រោយពិនិត្យរួចបានប្រគល់សពទាំង០៣នាក់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ