ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​ហុងកុង​ ចាប់ខ្លួន​៩​នាក់​ ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​​វាយប្រហារ​ដោយ​គ្រាប់បែក​

ចែករំលែក៖

អន្តរជាតិ​​៖ មនុស្ស​ចំនួន​ ៩​នាក់​ ត្រូវ​បានប៉ូលិសហុងកុងចាប់ឃាត់ខ្លួនចំពោះ​ការសង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​បន្ទាប់​ពី​ការរកឃើញ​ផែនការ​ប៉ុន​​ប៉ង​មួយ​ដើម្បី​ផលិត​គ្រឿង​ផ្ទុះ និង​បង្កប់​គ្រាប់បែក​នៅ​ពាសពេញ​ទីក្រុង​។​ នេះបេី​តាមការបញ្ជាក់ពី​ប៉ូលិស​ហុងកុង​ បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​ នៅថ្ងៃអង្គារ​ទី០៦​ ខែកក្កដា​ ឆ្នាំ​២០២១។

សូមជម្រាបថា​ ចំពោះការចាប់ខ្លួន​នេះ​ បានកើតឡើង​ចំពេល​មាន​ការបែកបាក់​ផ្នែក​នយោបាយ​នៅ​ទីក្រុង​ហិរញ្ញវត្ថុ​របស់​ចិន​មួយ​នេះ នៅ​២​ឆ្នាំ​ បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​រាប់​ខែកន្លងមកនេះ​។​ ក្នុងចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន មាន​៦​នាក់​ជា​សិស្សសាលា​។​ ចំណែកបុរស​ហុងកុង​ម្នាក់​​ បាន​ចាក់​ប៉ូលីស​ម្នាក់​នឹង​កាំបិត មុន​សម្លាប់​ខ្លួនឯង​កាលពី​សប្តាហ៍​មុន ​។​

​ប៉ូលិស​ហុងកុង​ បានថ្លែង​បន្តថា​ ក្រុម​នេះ​ប៉ុនប៉ង​ផលិត​គ្រឿង​ផ្ទុះ​TATP​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ បន្ទាប់ពីពួកគេ​មាន​ផែនការ​ប្រើ​វា​ដើម្បី​វាយប្រហារ​តុលាការ នៅរូង​ក្រោម​​ដី ផ្លូវ​រថភ្លើង​និង​ថែមទាំង​មាន​ផែនការ​ដាក់​គ្រាប់បែក​ផលិត​អាយ​ទាំងនេះ​នៅក្នុង​ធុងសម្រាម​នៅតាម​ដងផ្លូវ​ថែមទៀត​ដើម្បី​បង្ក​ចលាចល​។​

បើតាមការបញ្ជាក់ពីអាជ្ញាធរ​ហុងកុង បាន​និយាយថា គេ​ចាប់បាន​ឧបករណ៍​ផលិត​និង​សារធាតុ​ប្រើ​សំរាប់​ផលិត​គ្រាប់បែក​TATP ព្រមទាំង​រំសេវ​ផ្ទុះ​មួយចំនួន​។​​ ចំណែកគ្រាប់បែក​ច្នៃ​ប្រភេទ​TATP​នេះ ​ត្រូវបាន​ប្រើ​សំរាប់​វាយប្រហារ​ភេរវកម្ម​នៅ​ទូទាំង​ពិភពលោក​។​ ជាក់ស្តែងចាប់តាំងពី​ឆ្នាំ​២០១៩កន្លងទៅ ប៉ូលិស​ហុងកុង​ បាន​ចាប់​មនុស្ស​ជា​ច្រើន​ចំពោះ​ការ​មាន​គំរោង​វាយប្រហារ​ដោយ​គ្រាប់​​បែក​និង​ផលិត​គ្រាប់បែក​TATP។

​ដោយឡែកប៉ូលិស​ហុងកុង បាន​អះអាងបន្ថែមទៀតថា ក្រុម​នេះ​មាន​ផែនការ​ចាកចេញ​ពី​ហុងកុង​ក្រោយ​បាន​ប្រព្រឹត្ត​វិច្ឆេទកម្ម​នៅ​ហុងកុង​៕ដោយ៖ស តារា


ចែករំលែក៖