ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ បានបង្ហាញជូនអំពីសមិទ្ធិផលថ្មីចំនួនពីរដែលរដ្ឋបាលព្រៃឈើ បានរៀបចំទ្បើង ដើម្បីចូលរួមអបអរសាទរពិធីរុក្ខទិវា៩ កក្កដា ឆ្នាំ២០២១ នាពេលខាងមុខនេះ។
បេីតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអះអាងថា សមិទ្ធិផលទាំងពីរនោះគឺ សៀវភៅកេសរកូលព្រៃនិងសៀវភៅអំពីឈើនៅកម្ពុជា។ បន្ថែមពីនេះលោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា សៀវភៅ កេសរកូលព្រៃ(ផ្កាអ័រគីដេ)នៅកម្ពុជា Wild Orchids of Cambodia 2021. ២២៣ទំព័រ។
សៀវភៅនេះ ជាសៀវភៅលើកទីមួយរបស់ប្រទេសកម្ពុជា ដែលបានបង្ហាញអំពីកេសរកូលព្រៃខ្មែររហូតដល់២០២ប្រភេទ ដោយបានរៀបរៀងទ្បើងអស់រយះពេលជាច្រើនឆ្នាំ រួមទាំងការស្រាវជ្រាវតាមតំបន់ព្រៃភ្នំគ្រប់ទីកន្លែង។ រូបភាពបានបង្ហាញពីការលាក់កំបាំងនៃបុប្ផាដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានទាំងរូបឆោម និងខ្លះក្លិនក្រអូបឈ្ងុយ។
ទីពីរ៖ សៀវភៅឈើនៅកម្ពុជា Timbers of Cambodia 2021។ សៀវភៅជាស្នាដៃលើកទីមួយដែលបានបង្ហាញពីរូបភាពឈើសំខាន់ៗ ចំនួន១២២ប្រភេទ។ សៀវភៅនេះបង្ហាញពីឈើប្រណិត ឈើលេខមួយ ឈើលេខ២ ឈើលេខបី ឈើក្រៅលំដាប់ថ្នាក់ រួមទាំងប្រភេទឈើដាំ និងឈើនាំចូលផងដែរ។ ប្រជាពលរដ្ឋ និងអាចយល់បានអំពីសាច់ឈើដែលស្រទ្បាញ់ចូលចិត្តដើម្បីធ្វើការប្រៀបធៀបមុនការទិញ។
លើសពីនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញការងារស្រាវជ្រាវ ការបង្កាត់ពូជកេសរកូលតាមជាលិកាដើម្បីផលិតកូនអ័រគីដេឱ្យបានច្រើន ក្នុងទិសដៅកាត់បន្ថយជាអតិប្បរមាការនាំចូលផ្កាអ័រគីដេពីក្រៅប្រទេស។
ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានជំរុញដល់រដ្ឋបាលព្រៃឈើ បង្កើនការដាំឈើជាចំការនិងខិតខំប្រឹងប្រែងកែឆ្នៃឈើឲ្យអស់លទ្ធភាពដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋនិងចូលរួមពង្រីកសេដ្ឋកិច្ចជាតិ ពិសេសក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ៖សហការី