ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម៖​ បង្ហាញសមិទ្ធផលចំនួនពីរនៅមុនថ្ងៃរុក្ខទិវា៩ កក្កដា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ បានបង្ហាញជូនអំពីសមិទ្ធិផលថ្មីចំនួនពីរដែលរដ្ឋបាលព្រៃឈើ បានរៀបចំទ្បើង ដើម្បីចូលរួមអបអរសាទរពិធីរុក្ខទិវា៩ កក្កដា​ ឆ្នាំ២០២១ នាពេលខាងមុខនេះ។

បេី​តាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ លោក វេង សាខុន បានអះអាងថា​ សមិទ្ធិផលទាំងពីរនោះគឺ សៀវភៅកេសរកូលព្រៃនិងសៀវភៅអំពីឈើនៅកម្ពុជា។​ បន្ថែមពីនេះ​លោករដ្ឋមន្ត្រី​ បញ្ជាក់បន្ថែមថា សៀវភៅ កេសរកូលព្រៃ(ផ្កាអ័រគីដេ)នៅកម្ពុជា Wild Orchids of Cambodia 2021. ២២៣ទំព័រ។

សៀវភៅនេះ ជាសៀវភៅលើកទីមួយរបស់ប្រទេសកម្ពុជា​ ដែលបានបង្ហាញអំពីកេសរកូលព្រៃខ្មែររហូតដល់២០២ប្រភេទ ដោយបានរៀបរៀងទ្បើងអស់រយះពេលជាច្រើនឆ្នាំ​ រួមទាំងការស្រាវជ្រាវតាមតំបន់ព្រៃភ្នំគ្រប់ទីកន្លែង។ រូបភាពបានបង្ហាញពីការលាក់កំបាំងនៃបុប្ផាដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានទាំងរូបឆោម និងខ្លះក្លិនក្រអូបឈ្ងុយ។

ទីពីរ៖ សៀវភៅឈើនៅកម្ពុជា Timbers of Cambodia 2021។ សៀវភៅជាស្នាដៃលើកទីមួយដែលបានបង្ហាញពីរូបភាពឈើសំខាន់ៗ ចំនួន១២២ប្រភេទ។ សៀវភៅនេះបង្ហាញពីឈើប្រណិត ឈើលេខមួយ ឈើលេខ២ ឈើលេខបី ឈើក្រៅលំដាប់ថ្នាក់ រួមទាំងប្រភេទឈើដាំ និងឈើនាំចូលផងដែរ។ ប្រជាពលរដ្ឋ និងអាចយល់បានអំពីសាច់ឈើដែលស្រទ្បាញ់ចូលចិត្តដើម្បីធ្វើការប្រៀបធៀបមុនការទិញ។

លើសពីនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ កំពុងជំរុញការងារស្រាវជ្រាវ ការបង្កាត់ពូជកេសរកូលតាមជាលិកាដើម្បីផលិតកូនអ័រគីដេឱ្យបានច្រើន ក្នុងទិសដៅកាត់បន្ថយជាអតិប្បរមាការនាំចូលផ្កាអ័រគីដេពីក្រៅប្រទេស។

ជាមួយគ្នានេះ​ ក្រសួងកសិកម្ម​ ក៏បានជំរុញដល់រដ្ឋបាលព្រៃឈើ បង្កើនការដាំឈើជាចំការនិងខិតខំប្រឹងប្រែងកែឆ្នៃឈើឲ្យអស់លទ្ធភាពដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋនិងចូលរួមពង្រីកសេដ្ឋកិច្ចជាតិ ពិសេសក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩៕

ដោយ​៖សហការី​


ចែករំលែក៖