ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងនគរបាលខេត្តបាត់ដំបងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង បានទៅទទួលប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ មក ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ សរុបចំនួន ៤នាក់(ស្រី២នាក់) ក្នុងនោះក្មេងស្រី១នាក់។
ការទទួលប្រជាពលរដ្ឋខ្មែរចូលមកកម្ពុជាវិញនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច២ទីតាំងផ្សេងគ្នា គឺចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៣នាក់និងចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន១នាក់ ។ពួកគាត់ត្រូវបានភាគីថៃបញ្ជូនមកប្រគល់ឲ្យភាគីកម្ពុជា ក្រោយឃាត់ខ្លួនចូលទៅធ្វើការនៅថៃខុសច្បាប់។
លោកវរសេនីយ៍ឯក ពៅ ថាវុធ បានមានប្រសាសន៍ថាបន្ទាប់ពីសាកសួរ ធ្វើកំណត់ហេតុរួច ប្រជាពលរដ្ឋទាំងនេះត្រូវបានសមត្ថកិច្ចការពារព្រំដែនធ្វើការអប់រំណែនាំរួចបានប្រគល់ឲ្យ ក្រុមគ្រូពេទ្យ ដើម្បីបញ្ជូនបន្តទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូនតាមគោលការណ៍របស់រាជរដ្ឋាភិបាល ៕
ដោយ ៖ ប្រាថ្នា