ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ទទួល​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​ពីថៃចំនួន​៤​នាក់​ រួចបញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​  លោក​វរសេនីយ៍ឯក​ ពៅ​ ថា​វុ​ធ​ ស្នងការ​រង​នគរបាលខេត្តបាត់ដំបងទទួល​ការងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨​១៧​បានចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​គ្រប់គ្រង​ បាន​ទៅ​ទទួល​ប្រជាពលរដ្ឋ​ខ្មែរដែល​វិល​ត្រឡប់​ មក​ ពី​ប្រទេស​ថៃ​ ចូល​មក​ប្រទេស​កម្ពុជា​វិញ​ សរុប​ចំនួន​ ៤​នាក់​(​ស្រី​២​នាក់​)​ ក្នុង​នោះ​ក្មេង​ស្រី​១​នាក់​។

ការទទួលប្រជាពលរដ្ឋខ្មែរចូលមកកម្ពុជាវិញនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃ​ពុធ​ ១៣​រោច​ ខែ​បឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​ចំណុច​២​ទីតាំង​ផ្សេង​គ្នា​ គឺ​ចំណុច​នៃ​ភូមិសាស្ត្រ​​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ចំនួន​៣​នាក់​និង​ចំណុច​នៃ​ភូមិសាស្ត្រ​ភូមិ​គីឡូ​៩​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ចំនួន​១​នាក់​ ។​ពួកគាត់ត្រូវបានភាគីថៃបញ្ជូនមកប្រគល់ឲ្យភាគីកម្ពុជា ក្រោយឃាត់ខ្លួនចូលទៅធ្វើការនៅថៃខុសច្បាប់។

លោក​វរសេនីយ៍ឯក​ ពៅ​ ថា​វុ​ធ​ បានមានប្រសាសន៍ថា​បន្ទាប់​ពី​សាកសួរ​ ធ្វើ​កំណត់ហេតុ​រួច ប្រជាពលរដ្ឋទាំងនេះត្រូវបានសមត្ថកិច្ចការពារព្រំដែនធ្វើការអប់រំ​ណែនាំ​រួចបាន​ប្រគល់ឲ្យ​ ក្រុម​គ្រូពេទ្យ​ ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុ​វិទ្យាល័យ​កូនភ្នំ​៣២​ ស្រុក​សំពៅ​លូន​តាមគោលការណ៍របស់រាជរដ្ឋាភិបាល ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖