ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ជាមុខសញ្ញាឆក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យ៤នាក់ជាមុខសញ្ញាឆក់យកទ្រព្យសម្បត្តិមានតម្លៃរបស់់ប្រជាពលរដ្ឋយ៉ាងសកម្មនៅលេីដងផ្លូវកន្លងមក។ 

  ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  ជនសង្ស័យទី១-ឈ្មោះ ផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរប៉ះកង់ ស្នាក់នៅភូមិតាងួន សង្កាត់កាកាបទី១។

ទី២-ឈ្មោះ ចាន់ វឌ្ឍនៈវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខណ្ឌឫស្សីកែវ។

ទី៣-ឈ្មោះ ចំរើន ថុនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ ខណ្ឌសែនសុខ។

ទី៤-ឈ្មោះ ភឿន សុភ័ក្រដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

  ចំពោះសម្ភារដកហូតបានមាន ម៉ូតូស្គូពីពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1EH-6580 និងម៉ូតូស្គូពី

ពណ៌ខៀវ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1II-2348។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១កំពុងធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយស្របពេលនោះក៏ស្រាប់តែឃើញជនសង្ស័យទាំងនេះកំពុងរៀបចំធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ប៉ុន្តែពេលឃើញកម្លាំងសមត្ថកិច្ចក្រុមជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេច តែត្រូវបានសមត្ថកិច្ចដេញតាមហើយឃាត់ខ្លួនបានភ្លាមៗយកមកសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី១ តែម្ដង។

  ក្រោយពីធ្វើការឃាត់ខ្លួនរួចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនលើកមកហើយៗមុនពេលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះពួកគេក៏បម្រុងធ្វើសកម្មភាពឆក់ទៀតផងដែរ។

  បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋាននគរបាលកាកាបទី១បញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

 

 

ដោយ៖សុខាសែនជ័យ


ចែករំលែក៖