ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគ្រូពេទ្យកងទ័ពជើងគោកនិងជើងអាកាសបន្តចាក់វ៉ាក់សាំងដូស ទី២ជូនប្រជាពលរដ្ឋនៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ៖ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ផ្ដល់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋឃុំចំនួន៤នៅស្រុកបាទី ខេត្តតាកែវ។ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ កម្មករ -កម្មការិនី និងនិយោជិត ប្រមាណជាង៣ម៉ឺននាក់មកពីឃុំចំនួន៤ របស់ស្រុកបាទី ខេត្តតាកែវក្នុងនោះរួមមានឃុំតាំងដូង,ឃុំសុភី,ឃុំកុមារាជា និងឃុំក្រាំងលាវ មានក្តីត្រេកអរនិងរីករាយយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់សេវាចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនដល់ពួកគាត់ដោយមិនយកកម្រៃ។

ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយរងសេនាធិការកងទ័ពជើងគោកនិងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស រួមជាមួយនិងលោក ហ៊ូ វណ្ណៈ អភិបាលរង ស្រុកបាទី និងមន្ត្រីអាជ្ញាធរដែនដីឃុំ ភូមិជាច្រើននាក់ទៀត បានអញ្ជើញចុះត្រួតពិនិត្យនៅក្នុងកិច្ចដំណើរការចាក់វ៉ាក់សាំង ដូសទី២ របស់ក្រុមការងារចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នាព្រឹថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងផែនការរបស់ក្រុមការងារចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានផ្ដល់សេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី នៅក្នុងស្រុកបាទី ខេត្តតាកែវ រួមមានចំនួន៤ ឃុំ។

តាមរបាយការណ៍បញ្ជាការដ្ឋានការពារអាកាស,កងទ័ពជើងគោកបានឲ្យដឹងថា នៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះ បញ្ជាការដ្ឋានការពារអាកាស បានបែងចែកជាពីរមណ្ឌល ក្នុងនោះមណ្ឌលទី១ ចុះចាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំទាំង៤ គឺនៅឃុំតាំងដូង,ឃុំសុភី,ឃុំកុមាររាជា និងឃុំក្រាំងលាវ។ ចំណែកមណ្ឌលទី២ ចុះចាក់វ៉ាក់សាំងតាមបណ្តារោងចក្រ សហគ្រាសនានាដោយផ្ទាល់តែម្តង ដើម្បីបង្កភាពងាយស្រួលដល់បងបង្អូនកម្មករ-កម្មការិនី និងនិយោជិត ក្នុងការបំពេញការងារ។

គិតចាប់ពីថ្ងទី២២ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការដោយរលូន ដោយមានកិច្ចសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងសភាពការណ៍ នីតិវិធីនៃការផ្ដល់សេវាវ៉ាក់សាំង ក៏ដូចជាការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ដែលនៅក្នុងការចាក់ដូស ទី១ បានចំនួន ៣ម៉ឺន ៣ពាន់ ៤៧៤នាក់ ក្នុងនោះមានស្រី ២ម៉ឺន ៤២៣នាក់ (ក្នុងផែនការ ២ម៉ឺន ៧ពាន់ ៤៥៧នាក់) ចាក់លើសផែនការ ៦ពាន់ ១៧នាក់។ សម្រាប់ចាក់ដូសទី២ បានចាប់ផ្តើមកាល ពីព្រឹកថ្ងៃទី៧ ដល់ល្ងាច និង នៅថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២១នេះ ចាក់បានជាង ៦ពាន់ ៥០០នាក់។

ស្រុកបាទីមាន១៥ឃុំ នៅក្នុងចំណោមស្រុកចំនួនបី ដែលរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យក្រុមគ្រូពេទ្យកងទ័ពចុះផ្តល់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងនិយោជិក ដើម្បីការផ្តាច់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។

ក្នុងនោះកាល ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ មានក្រុមគ្រូពេទ្យកងទ័ព ចំនួន ៤ អង្គភាព ចុះមកចាក់វ៉ាក់សាំងនៅក្នុងស្រុកបាទីនេះ រួមមាន៖ អង្គភាពយោធភូមិភាគពិសេស ទទួលចាក់៥ឃុំ, បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ទទួលចាក់៤ឃុំ, បញ្ជាការដ្ឋានបំភ័ន្ធអក្ខរៈ អគ្គបញ្ជាការ ទទួលចាក់ ៣ឃុំ និងបញ្ជាការដ្ឋានគីមីសាស្ត្រ អគ្គបញ្ជាការ ទទួលចាក់៣ឃុំ។

ជាបន្តបន្ទាប់ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី បានសហការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ ការពារ និង ៣ កុំ ដល់ប្រជាពលរដ្ឋរបស់យើង ដើម្បីធានាកាត់បន្ថយ និងទប់ស្កាត់វិរុសកូវីដ-១៩ និងផ្សព្វផ្សាយបន្ថែមទោះបីបងប្អូនបានទទួលសេវាវ៉ាក់សាំងដូសទី១ ឬដូសទី២ រួចហើយក៏ដោយ ក៏បងប្អូនត្រូវតែបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ដូចជា ការរក្សាគម្លាតសង្គម ពាក់ម៉ាស ឧស្សាហ៍លាងដៃនឹងសាប៊ូ និងបាញ់អាកុលជានិច្ច។

ទាក់ទងទៅនឹងដំណើរការចាក់វ៉ាកសាំងនេះ លោក ហ៊ូ វណ្ណៈ អភិបាលរងស្រុក បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋស្រុកបាទី សូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍជាតិ បានជឿនលឿនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងរកសុខសន្តិភាពបានទាំងស្រុងជូនប្រទេសជាតិ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកមួយនេះដែលប្រទេសជាតិយើងក៏ដូចជាសកលលោកទាំងមូលកំពុងតែរងការញាំញីដោយមេរោគរាតត្បាតជម្ងឺកូវីដ-១៩ ។ សម្ដេចតេជោបានស្វះស្វែងរកជំនួយវ៉ាក់សាំងពីរជាតិ អន្តរជាតិ និងទិញវ៉ាក់សាំងមកចាក់ជូនក្រុមគ្រួសារកងទ័ព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល កម្មករ កម្មការិនី និងនិយោជិក ទូទាំងព្រះរាជាណាចក្រកម្ពុជាដោយឥតគិតថ្លៃ៕

ដោយ៖ សូរិយា


ចែករំលែក៖