ខេត្តពោធិ៍សាត់៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរតាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាកសាងជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការកសាងព្រះរាជសមិទ្ធផលនានាទាំងឡាយ ជាពិសេសក្នុងវិស័យសាធារណៈការ ដើម្បីសម្រួលការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្ន ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ២.៥០០ម៉ែត្រ ស្ថិតនៅភូមិកេ្សត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ចំណាយព្រះរាជទ្រព្យសរុបចំនួន ៦៣.៤១៩ដុល្លារអាមេរិក។
សូមបញ្ជាក់ថា, សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចតែងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់កាកបាទក្រហមកម្ពុជា ប្រជានុរាស្ត្រ នៅក្នុងក្របខណ្ឌទូទាំងប្រទេស និងផ្តល់ភាពកក់ក្តៅដល់ប្រជានុរាស្ដ្រ នៃប្រទេសប្រកបដោយ សន្តិភាព និងការអភិវឌ្ឍន៍ ៕
ដោយ ៖ សិលា