ភ្នំពេញ៖ បង្កើតឲ្យទស្សនិកជនជាច្រើន នឹកឆ្ងល់ជាខ្លាំងជាមួយវត្តមានអតីតតារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ”ដើរវ៉ៃ” គឺអ្នកនាងរ៉េត ធីតា ហៅ តាតា ដែលបាត់មុខពីវិស័យសិល្បៈទាំងអាថ៌កំបាំងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្វីដែលកាន់តែធ្វើឲ្យគេហាក់មិនស្រឡះក្នុងចិត្តគឺក្រោយពីនាងបានបង្ហាញរូបថត និងវីដេអូបែបចម្លែកខុសពីសិល្បករ ឬអ្នកលេងបណ្តាញសង្គមមួយចំនួន។
ខុសប្លែកពីសិល្បករដទៃ និងអ្នកលេងបណ្តាញសង្គមភាគច្រើនដែលនិយមតុបតែងខ្លួនបែបស្អាតប្លែកអមដោយស្ទីលកាច់រាងដើម្បីបានរូបថតបង្ហាញមិត្តភក្កិ និងអ្នកគាំទ្រ។ រូបថតដែលត្រូវបានអតីតតារាចម្រៀងរូបនេះបង្ហោះភាគច្រើនសុទ្ធតែជារូបដែលត្រូវបានកាត់តដាក់បញ្ចូលមុខពីលើរូបភាពតុក្កតា ឬតារាបរទេសទៅវិញ រហូតមានរូបខ្លះអាចនឹងធ្វើឲ្យគេភ្ញាក់ផ្អើលចំពោះទឹកមុខបែបកាយ ភ្នែកធំៗរបស់នាង ហើយក៏មានរូបភាពខ្លះបានបង្ហាញថានាងនៅតែមានរូបសម្រស់ស្រស់សោភាដដែលបើទោះបីជាវ័យច្រើនជាងមុនក៏ដោយ។ មានការដាក់ចេញជាសំណួរថា តើហេតុអ្វីនាងចូលចិត្តបញ្ចេញរូបភាពបែបនេះ?
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអតីតតារាស្រីរូបនេះបាននៅឡើយទេ។ ប៉ុន្តែគេចាំបានថា តាតា ធ្លាប់ល្បីឈ្មោះខ្លាំងក្នុងនាមជាតារាចម្រៀងយុវវ័យ ពិសេសក្នុងគ្រាដែលនាងច្រៀងក្នុងផលិតកម្មU2 ហើយក៏បានដកខ្លួនចេញពីវិស័យសិល្បៈទាំងស្ងប់ស្ងាត់ ហើយនាងកម្រនឹងបង្ហាញមុខក្នុងកម្មវិធីអ្នកសិល្បៈផ្សេងនោះឡើយ គឺមានតែកម្មវិធីមង្គលការលោកកង ពិសិដ្ឋ កាលពីអំឡុងឆ្នាំ២០១៧ម្តងប៉ុណ្ណោះ រហូតមានការលើកឡើងថានាងអាចនឹងមានស្វាមីដែលមិនចង់ឲ្យបន្តប្រឡូកក្នុងអាជីពសិល្បៈនោះ។
គួរបញ្ជាក់ថា តាតាមានឈ្មោះពិតថា រ៉េតធីតាដែលជាកូនស្រីបង្កើតរបស់លោក អ៊ុក ស៊ីណារ៉េត ជាតន្ត្រីករល្បីឈ្មោះក្នុងប្រទេសកម្ពុជា និងអ្នកស្រី សៀង វ៉ាន់ធី ជាតារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ ម្នាក់។ នាងមានបងប្រុសដែលជាតន្ត្រីករ និងអ្នកនិពន្ធបទភ្លេងល្បីឈ្មោះគឺលោក រ៉េត ធីដូណានោះ៕
ដោយ ៖ វឌ្ឍនា