ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្រ្តី គន់ គីម ៖ កងកម្លាំង​នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបាន​ខិត​ខំទាំង​យប់ទាំងថ្ងៃដោយមិនខ្លាច​នឿយហត់ក្នុងការដឹក​ជញ្ជូន​ស្បៀង និង​សម្ភារផ្សេងៗ​ជូន​ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម  អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ថ្លែងកោតសរសើរ​ចំពោះសកម្មភាពរបស់កង កម្លាំង​នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបាន​ខិត​ខំទាំង​យប់ទាំងថ្ងៃដោយមិនខ្លាច​នឿយ ហត់ក្នុងការដឹក​ជញ្ជូន​ស្បៀង និង​សម្ភារៈផ្សេងៗ​ជូន​ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ-១៩ ​មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនោះឡើយ ។ នេះបើយោងតាមការបញ្ជាក់លើផេក គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ 

លោកទេសរដ្ឋមន្រ្តី គន់ គីម  អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីចែកសម្ភារៈបរិក្ខារ សម្រាប់បង្ការ ទប់ស្កាត់ និងសង្រ្គោះគ្រោះហន្តរាយ ដែលជា​អំណោយ​របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានអង្គរក្ស ។

លោក គន់ គីម បានលើកឡើងថា សកម្មភាពរបស់​នាយទាហានពលទាហាន នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស នាពេលកន្លងមក ក៏ដូចសព្វថ្ងៃនេះគឺមិនអាចកាត់ថ្លៃបាននោះឡើយ ដោយពួកគេ​បាន​​ខិតខំ​លើកដាក់ ដឹកជញ្ជូន​ទាំងយប់ទាំងថ្ងៃនូវស្បៀងអាហារ និងសម្ភារៈជាច្រើនទៀតជូន​ដល់បងប្អូន​ប្រជាពលរដ្ឋដែលបានបិទខ្ទប់ដោយសារបញ្ហាកូវីដ១៩ ​ហើយតាមរយៈសកម្មភាពទាំងនេះ គឺជាការបញ្ជាក់​ឲ្យឃើញ​យ៉ាងច្បាស់ថា នាយទាហាន ពលទាហាន​ទាំង អស់ពិតជា​ស្រលាញ់​ប្រជាពលរដ្ឋ និង​គិត គូរ​អំពីសុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដូចអ្វីដែលរាជរដ្ឋាភិបាល​បាន​នឹងកំពុង​ធ្វើ។

លោក ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជំរុញ​ដល់នាយទាហាន ពលទាហាន​នៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់បន្តខិតខំបំពេញកិច្ចការងាររបស់ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត ជា​ពិសេសសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហាកូវីដ១៩ និង​គ្រោះមហន្តរាយផ្សេងៗទៀត។

លោក ទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវ​ដល់​នាយទាហាន ពលទាហានទាំងអស់ត្រូវ​បន្ត អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និង​រាជ​រដ្ឋាភិបាល​​ដោយត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលាទាំងអស់នូវិធាន ៣ការពារ ​និង៣កុំ ។

 នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ​បានឲ្យ ដឹងថា ក្នុងដំណាក់កាល​ជួបវិបត្តិកូវីដ-១៩ នេះ កងកម្លាំងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សចំនួន៣០០០នាក់ បានចេញប្រតិបត្តិការដោយប្រឈមក្នុងតំបន់មាត់ជ្រោះតំបន់ក្រហម ដោយពួកគេ​បាន​ធ្វើការ​ដឹកជញ្ជូន លី វេចខ្ចប់​ លើកដាក់​គ្រប់បែបយ៉ាងនៅក្នុងរាជធានីភ្នំពេញ​ និងតាមបណ្តាខេត្តនានាស្របទៅតាមបទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ៕

ដោយ ៖ សិលា


ចែករំលែក៖