ភ្នំពេញ, ពន្លឿនផ្តល់ភាពងាយស្រួល និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័ស បន្ថែម លើយន្តការដែលមានស្រាប់។ តាមរយៈប្រព័ន្ធនេះ អ្នកដាក់សំណើបញ្ជាទិញនឹងទទួលបានព័ត៌មានអំពីការបញ្ជាទិញ បរិមាណអាចទិញបាន របៀបនៃការទូទាត់ និងកាលបរិច្ឆេទមកទទួលឧបករណ៍ តាមរយៈតេឡេក្រាម Bot ដោយ ស្វ័យប្រវត្តិ។
ដើម្បីដាក់សំណើបញ្ជាទិញ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្ដុំដែលមានការគ្រប់គ្រង អាចចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយ ចុចលើពាក្យ “ដាក់បញ្ជាទិញ” រួចអនុវត្តតាមជំហ៊ានទាំង ៦ ដូចខាងក្រោម៖
១.ចុចលើពាក្យ “Start” រួចចុចលើពាក្យ “ចុចទីនេះដើម្បីបញ្ជូនលេខទូរស័ព្ទរបស់អ្នក” ហើយចុចលើពាក្យ “OK” ក្នុងផ្ទាំង Share Your Phone Number
២.សូមបំពេញឈ្មោះអ្នកទិញ ឈ្មោះស្ថាប័ន ចំនួនបុគ្គលិក ចំនួនឧបករណ៍តេស្តរហ័សគិតជាឯកតា
៣.សូមពិនិត្យ ហើយចុចលើពាក្យ “ត្រឹមត្រូវ” ក្នុងករណីដែលព័ត៌មានបញ្ជាទិញរបស់អ្នកត្រឹមត្រូវ
៤. លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីការទទួលបានសំណើបញ្ជាទិញ ដោយសំណើនេះនឹងត្រូវអនុម័ត ជាមុនអំពីចំនួនដែលអាចផ្តល់ជូន ទើបអាចបង់ប្រាក់បាន
៥. ក្រោយការអនុម័ត លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីចំនួនឧបករណ៍ដែលអាចផ្តល់ជូន និង មធ្យោបាយសម្រាប់ទូទាត់ប្រាក់
៦. ក្រោយពេលទូទាត់ប្រាក់រួចរាល់ លោកអ្នកនឹងទទួលបានសារអំពីកាលបរិច្ឆេទមកទទួលឧបករណ៍ តាម លំដាប់នៃការបញ្ជាទិញ (អ្នកបញ្ជាទិញមុននឹងទទួលបានឧបករណ៍មុន)។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានបន្ថែមពេលវេលាសម្រាប់ការមកទទួលយកឧបករណ៍តេស្ត រហ័សនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច។
អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្ដុំដែលមានការគ្រប់គ្រងទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សិលា