ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យ​ព្រហ្មទណ្ឌ អ.ហ ខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការហើយនៅរសៀលថ្ងៃអាទិត្យនេះ ពីបទលួច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សឿន សណ្ធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចកាបូបស្ពាយ ក្នុងខណ:ពេលខ្លួនដេកលក់មួយស្របក់ ករណីនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ នៅម្ដុំវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ​​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា, ក្រោយពីទទួលបានពាក្យបណ្ដឹងរួចលោកបានចាត់តាំងកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង១៥នាទី ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ យឿន សុខជា ភេទប្រុស អាយុ១៧ឆ្នាំ ។ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក, កាតធនាគារ ០១សន្លឹក, កាតធនារ៉ាប់រង ០១សន្លឹក, និងលិខិតស្នាក់នៅចំនួន០១ច្បាប់ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា, ក្រោយពីសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេមានគ្នា០៣នាក់ ១/ឈ្មោះ បូ ភេទប្រុស អាយុប្រហែល១៥ឆ្នាំ ២/ឈ្មោះ បឿក ភេទប្រុស អាយុប្រហែល២០ឆ្នាំ ពួកគេទាំង៣នាក់នាំគ្នាដើរតាមផ្លូវពេលដល់ចំណុចផ្ទះជនរងគ្រោះខាងលើស្រាប់តែឃើញផ្ទះជនរងគ្រោះចំហរទ្វារ ហើយពួកខ្លួនបានឃើញកាបូបស្ពាយមួយនៅលើតុ ហើយម្ចាស់បានដេកលក់ ពេលនោះខ្លួនបានឱ្យឈ្មោះ បូ និងឈ្មោះ បឿក ជាអ្នកឈរចាំមើលផ្លូវ ហើយខ្លួន(យឿន សុខជា) ជាអ្នកចូលទៅលួច ក្រោយពីលួចបានហើយពួកគេបានគេចខ្លួនទៅកន្លែងស្ងាត់ ហើយឆែកកាបូបនោះឃើញមានលុយដុល្លារចំនួន១០០$ លុយខ្មែរចំនួន១៤ម៉ឺនរៀល លុយថៃចំនួន១៥០០០បាត និងទូរស័ព្ទដៃចំនួន០១គ្រឿងផងដែរ បន្ទាប់មកពួកគេបានចែកលុយគ្នាហើយទៅលេងហ្គេមបាញ់ត្រីចាញ់អស់ នៅសល់តែទូរស័ព្ទដៃ០១គ្រឿង ហើយពួកគេបាននាំគ្នាយកទៅដូរយកថ្នាំញៀនមកប្រើប្រាស់ទាំងគ្នាតែម្ដង។
ដោយផ្អែកលើពាក្យបណ្ដឹង​ និងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។ ចំណែកពាក់ព័ន្ធឯកសារដែលដកហូតបានត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ ដោយឡែកឈ្មោះ បូរ និងឈ្មោះ បឿក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ឈ្មោះ យឿន សុខជា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ ៕

ដោយ៖សិលា


ចែករំលែក៖