ព័ត៌មានទាន់ហេតុការណ៍៖

សា​ឡង់​ដឹក​ខ្សាច់​បើក​បុក​ទូក​អ្នកនេសាទ​​ដាច់​ជា២​កំណាត់​លិច​បាត់​​​ក្នុងទន្លេ​

ចែករំលែក៖

ភ្នំពេញ​៖ ​សាឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​បុកទូក​អ្នក​​នេសាទ​ជនជាតិ​ខ្មែរអ៊ិស្លា​ម​​​ដាច់​ជា​ពីរ​កំណាត់​លិច​បាត់​ទៅ​ក្នុង​ទន្លេសាប ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យ​មនុស្ស​រងគ្រោះថ្នាក់​​ដល់​អាយុ​ជី​វីត​​ទេ គឺគ្រាន់តែ​ស្ត្រី​ជា​ប្រពន្ធរង​របួស​ពក​ក្បាល ប៉ុណ្ណោះ។​ 

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​​ម៉ោង​​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិ​ទី​១​ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

ទូក​នេសាទ​ដែល​សា​ឡង់​បុក​លិច​​នោះ​មាន​ម្ចាស់​​ឈ្មោះ ស្មាន់ ខ​សិន ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ (ត្រូវជា​ប្តី) និង​ប្រពន្ធ​​ឈ្មោះ លែ​ប អា​ធី​កាស ​អាយុ៦០​ឆ្នាំ​ដែរ ព្រមទាំង​កូន​​ឈ្មោះ សារ គី​រី​ន ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មាន​លំនៅ​ក្នុងសង្កាត់​ជ្រោយចង្វា ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

បើតាមម្ចាស់ទូករងគ្រោះបានឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូបគាត់និង​ក្រុម​គ្រួសារ​​មានគ្នា​​​៣នាក់​បានជិះទូក​នេសាទ​មក​ពី​លក់​ត្រី​នៅ​រាជធានី​ភ្នំពេញ​ ​ខ​ណៈនោះ​ស្រាប់តែ​មាន​សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើកក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បាន​មក​បុក​ទូក​របស់ពួកគាត់​​​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យលិច​បាត់​នៅ​ក្នុង​ទន្លេ​តែ​ម្តង​។

  នៅក្នុងហេតុការណ៍នោះដែរ អ្នកនេសាទ​រងគ្រោះទាំងនោះ​បាន​លោត​ចេញ​ហែល​ទឹកគេច​ពី​គ្រោះថ្នាក់​ ហើយភ្លាម​ៗ​នោះ​ ​ត្រូវ​​បាន​ទូក​នេសាទ​ជនជាតិ​ខ្មែរ​អ៊ិស្លា​ម​ដូច​គ្នាចេញ​ទៅ​ជួយ​​សង្គ្រោះ ។ 

  ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ភ្លាម​ៗ នោះម្ចាស់ទូកនេសាទក៏​ទាក់ទង​ទៅ​ជនជាតិ​​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នាប្រមាណ​ជិត​១០​ទូក​បាន​នាំ​គ្នាមក​​មុជទឹក​​រាវរក​ទូក​នោះ​អស់​ប្រមាណ​១​ម៉ោង​ទើប​រក​ឃើញ​តែ​មួយ​កំណាត់ និង​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ ​ចំណែក​មួយ​កំណាត់​ទៀតនិង​សម្ភា​ររួម​មាន​សំណាញ់​ចំនួន​២​ដៃ និង​លុយ​ប្រមាណ​៧​ពាន់​ដុល្លារ​បាន​លិច​បាត់​ក្នុង​ទន្លេ​មិន​ទាន់​រក​ឃើញ​នៅឡើយ ។

បន្ទាប់ពីកើតហេតុសាឡង់នោះក៏បាន​បើក​ចេញទៅ​បាត់​ដោយ​សន្យា​ថាចាំ​ដោះស្រាយ​សងការ​ខូចខាត​ជា​ក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖