ភ្នំពេញ៖ សាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកបុកទូកអ្នកនេសាទជនជាតិខ្មែរអ៊ិស្លាមដាច់ជាពីរកំណាត់លិចបាត់ទៅក្នុងទន្លេសាប ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវីតទេ គឺគ្រាន់តែស្ត្រីជាប្រពន្ធរងរបួសពកក្បាល ប៉ុណ្ណោះ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ទូកនេសាទដែលសាឡង់បុកលិចនោះមានម្ចាស់ឈ្មោះ ស្មាន់ ខសិន ភេទប្រុស អាយុ៦០ឆ្នាំ (ត្រូវជាប្តី) និងប្រពន្ធឈ្មោះ លែប អាធីកាស អាយុ៦០ឆ្នាំដែរ ព្រមទាំងកូនឈ្មោះ សារ គីរីន ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើតាមម្ចាស់ទូករងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងក្រុមគ្រួសារមានគ្នា៣នាក់បានជិះទូកនេសាទមកពីលក់ត្រីនៅរាជធានីភ្នំពេញ ខណៈនោះស្រាប់តែមានសាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកក្នុងទិសដៅពីត្បូងទៅជើង បានមកបុកទូករបស់ពួកគាត់យ៉ាងពេញទំហឹង បណ្តាលឱ្យលិចបាត់នៅក្នុងទន្លេតែម្តង។
នៅក្នុងហេតុការណ៍នោះដែរ អ្នកនេសាទរងគ្រោះទាំងនោះបានលោតចេញហែលទឹកគេចពីគ្រោះថ្នាក់ ហើយភ្លាមៗនោះ ត្រូវបានទូកនេសាទជនជាតិខ្មែរអ៊ិស្លាមដូចគ្នាចេញទៅជួយសង្គ្រោះ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ភ្លាមៗ នោះម្ចាស់ទូកនេសាទក៏ទាក់ទងទៅជនជាតិខ្មែរអ៊ិស្លាមដូចគ្នាប្រមាណជិត១០ទូកបាននាំគ្នាមកមុជទឹករាវរកទូកនោះអស់ប្រមាណ១ម៉ោងទើបរកឃើញតែមួយកំណាត់ និងម៉ាស៊ីនតែប៉ុណ្ណោះ ចំណែកមួយកំណាត់ទៀតនិងសម្ភាររួមមានសំណាញ់ចំនួន២ដៃ និងលុយប្រមាណ៧ពាន់ដុល្លារបានលិចបាត់ក្នុងទន្លេមិនទាន់រកឃើញនៅឡើយ ។
បន្ទាប់ពីកើតហេតុសាឡង់នោះក៏បានបើកចេញទៅបាត់ដោយសន្យាថាចាំដោះស្រាយសងការខូចខាតជាក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ