អ្នកចាំទីអុីតាលី Gianluigi Donnarumma ត្រូវបានទទួលពានរង្វាន់ជាអ្នកសង្គ្រោះបាល់បានច្រើនជាងគេដែលផ្តល់ឲ្យដោយ Uefa សម្រាប់ការប្រកួតយូរ៉ូឆ្នាំ២០២០។ ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានពានស្បែកជើងមាសក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើន(៥គ្រាប់)ជាងគេ។ នេះបើយោងតាមការប្រកាសរបស់ UEFA នៅលើគេហទំព័ររបស់ខ្លួន។
អ្នកចាំទីវ័យ២២ឆ្នាំដែលគ្រោងនឹងចូលរួមជាមួយក្លិប Paris St-Germainពីក្លិប AC Milan បានជួយសង្គ្រោះបាល់ប៉េណាល់ទីចំនួន២គ្រាប់ក្នុងជ័យជម្នះរបស់អុីតាលីលើក្រុមអង់គ្លេសដែលបានផ្តល់ឱ្យពួកគេនូវពានរង្វាន់អឺរ៉ុបលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៨ ។
Donnarumma ដែលសង្គ្រោះបាល់ពីការស៊ុតប៉េណាល់ទីរបស់ Jadon Sancho និង Bukayo Saka បានការពារមិនឲ្យគូប្រកួតស៊ុតចំនួន៣លើកនៅក្នុងការប្រកួត។ គាត់គឺជាអ្នកចាំទីដៃទី២ដែលឈ្នះពានរង្វាន់នេះបន្ទាប់ពីលោក Peter Schmeichel ក្នុងឆ្នាំ១៩៩២ ។
Donnarumma លេង៧១៩នាទីនៅទូទាំង Euro ២០២០ ច្រើនជាងកីឡាករដទៃទៀតរបស់អុីតាលី។ថ្លែងបន្ទាប់ពីជ័យជម្នះលើអង់គ្លេសគាត់បាននិយាយថា “យើងពិតជាអស្ចារ្យណាស់ដែលយើងមិនបោះបង់ចោលក្តីសង្ឃឹមរបស់យើង។ យើងបានធ្វើវាតាំងពីដំបូង យើងគឺជាក្រុមដ៏អស្ចារ្យហើយយើងសមនឹងទទួលបានជោគជ័យនេះ”។
ជាមួយគ្នានោះខ្សែបម្រើអេស្ប៉ាញ Pedri របស់អេស្ប៉ាញត្រូវបានឈ្នះពានរង្វាន់ជាកីឡាករវ័យក្មេងជាងគេប្រចាំការប្រកួតយូរ៉ូ។ កីឡាករវ័យ១៨ឆ្នាំរូបនេះបានជួយឲ្យអេស្ប៉ាញឡើងដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រទល់នឹងស្វីស។
ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់ការប្រកួតក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេដោយរកបាន៥គ្រាប់។ ខ្សែប្រយុទ្ធសាធារណៈរដ្ឋឆេក Patrik Schick ក៏រកបានគ្រាប់បាល់ដូចគ្នាដែរ ប៉ុន្តែ Ronaldo របស់ព័រទុយហ្គាល់បានឈ្នះដោយសាររូបគាត់បានបញ្ជូលបាល់ឲ្យមិត្តរួមក្រុមស៊ុត (Assist) បាន១គ្រាប់ ៕
(រូបថត ៖ UEFA)