ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៉ីព្រមានទីក្រុងវ៉ាស៊ីនតោន៖ កុំឱ្យដាក់មូលដ្ឋានទ័ព ឬដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាលឱ្យសោះ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖ អនុរដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ បានព្រមានទីក្រុងវ៉ាស៊ីនតោន កុំឱ្យដាក់មូលដ្ឋានទ័ព ឬដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល បន្ទាប់ពីការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជិតសម្រេចជាស្ថាពរ។

ទីភ្នាក់ងារព័ត៌មាន AP បាននិយាយបន្ថែមថា​ ការព្រមានខាងលើធ្វើឡើងដោយលោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃអង្គារទី១៣​ ខែកក្កដា​ម្សិលមិញនេះ ខណៈសហរដ្ឋអាមេរិកបានដកកងទ័ព ចេញពីអាហ្វហ្គានីស្ថានជាង ៩០ភាគរយហើយ។

បន្ថែមពីនេះ​ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា ការពង្រាយកងទ័ព ឬការដាក់មូលដ្ឋានទ័ពអាមេរិកជាអចិន្រ្តៃយ៍ នៅតាមបណ្ដាប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន គឺជារឿងមិនអាចទទួលយកបាន… យើងបានប្រាប់សហរដ្ឋអាមេរិកដោយផ្ទាល់ដែរថា ការធ្វើបែបនេះមិនត្រឹមតែផ្លាស់ប្ដូរការយល់ឃើញរបស់រុស្ស៊ី ចំពោះអ្វីដែលកំពុងកើតឡើងប៉ុណ្ណោះទេ តែវាក៏នឹងផ្លាស់ប្ដូរទាំងស្រុវនូវទំនាក់ទំនង របស់ពួកយើងជាមួយសហរដ្ឋអាមេរិកផងដែរ»។

សូមជម្រាបថា​​ បើតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ លោក​ ស៊ឺហ្គៃ រីយ៉ាបកូវ​ នៅក្នុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីខែមិថុនាកន្លងទៅ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានលើកឡើងពីបញ្ហាខាងលើ នៅក្នុងកិច្ចប្រជុំនោះផងដែរ។

គួរបញ្ជាក់ថា​ ក្រៅតែពីព្រមានសហរដ្ឋអាមេរិក រុស្ស៊ីថែមទាំងបានព្រមាន​ កុំឱ្យបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីកណ្ដាលទទួលស្វាគមន៍ កងទ័ពអាមេរិកថែមទៀត៕ដោយ​៖ស​ តារា​

ដោយ៖AP


ចែករំលែក៖