ខេត្តបន្ទាយមានជ័យ៖ មន្ត្រីចម្រុះបានបង្ក្រាបគ្រឿងក្នុងជ្រូកល្មើសច្បាប់ប្រមាណ១០តោន នាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលដឹកតាមរថយន្តធុនធំរបស់ថៃ នៅព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចស្តង់ត្រី ក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលសត្វ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា កម្លាំងរបស់លោក សហការគ្នាជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងជលផលខេត្ត បានបង្ក្រាបផលិតផលសត្វ សាច់ជ្រូក៨០កេស និងមានសាច់មាន់ ឆ្អឹងមាន់ ជាច្រើនទៀត សរុបទម្ងន់ប្រហែល១០តោន។
លោក ហ៊ុយ ទូច បញ្ជាក់ថា ផលិតផលសាច់ជ្រូក ដែលមន្ត្រីជំនាញធ្វើការបង្ក្រាបនេះ ទី១ គឺពុំមានច្បាប់អនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអគ្គនាយកដ្ឋានហើយមួយវិញទៀត ទាក់ទងទៅនឹងការដឹកជញ្ជូនមានភាពមិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្តិ នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ។ ការដឹកខុសលក្ខណៈបច្ចេកទេសនៃការវេចខ្ចប់នេះហើយ ដែលធ្វើឲ្យផលិតផលទាំងនេះ ខូចគុណភាព ប៉ះពាល់សុខភាពប្រជាពលរដ្ឋយកទៅទទួលទាន។
លោក ហ៊ុយ ទូច បញ្ជាក់ថា ផលិតផលគ្រឿងក្នុងជ្រូក ឆ្អឹងមាន់ ទាំងនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺប្រមូលយកទៅដុតកម្ទេចចោល ដោយមិនមានលើកលែងនោះទេ។ ប៉ុន្តែមុនដុតកម្ទេចចោលត្រូវយកសំណាកមកវិភាគរកសារធាតុគីមីដែលបំផ្លាញសុខភាព ជាមុនសិន។ បន្ទាប់មករៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីផងដែរ។
មហាជនចោទជាសំណួរថា ហេតុអ្វីបទល្មើសខាងលើនេះ អាចនាំចូលបានទាំងរថយន្តធំៗតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានយ៉ាងស្រួលបែបនេះ ខណៈមានមន្ត្រីនគរបាលអន្តោរប្រវេសន៍និង មន្ត្រីការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែតប្រចាំការនៅទីនោះ ហើយការនាំចូលបទល្មើសគ្រឿងក្នុងជ្រូកនិងសាច់មាន់រាប់សិបតោនបែបនេះ រួមទាំងទំនិញបង់ពន្ធមិនគ្រប់?គេអាចនិយាយថារាប់សិបឆ្នាំមកហើយ ដែលជាការនាំចូលជាលក្ខណៈប្រព័ន្ធ ទៅតាមសែស្រឡាយឈ្មួញរកស៊ីផងដែរ៕
ដោយ ៖ វណ្ណា