ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសស រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ. អា) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើ ជាសហប្រធាន ដោយលោក សាឡឹមសាយ គុំម៉ាស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ស.រ.អា និងលោក អេនតូនី គ្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានត្រូវបានអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ថ្លើនខន បានផ្លាស់ប្តូរទស្សនពីសារៈសំខាន់នៃការពង្រឹងឡើងវិញនៃទំនាក់ទំនងអាស៊ាន-ស. រ.អា កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងបញ្ហាផ្សេងៗ ដែលជាការព្រួយបារម្ភ និងជាផលប្រយោជន៍រួម ទាំងក្នុងតំបន់ និងក្រៅតំបន់។
អាស៊ានបានអបអរសាទរចំពោះការតាំងចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងឡើងវិញនៃ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជាពិសេសនៅចំពោះមុខការប្រឈមពហុវិស័យ នៅក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ការប្តេជ្ញាចំពោះពហុភាគី និយមរបស់រដ្ឋបាលថ្មីសហរដ្ឋអាមេរិកដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការធ្វើទំនាក់ទំនងជាថ្មី ជាមួយអង្គការអន្តរជាតិធំៗ ក្នុងការដោះស្រាយបញ្ហាបន្ទាន់សកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បាន អរគុណ លោក អេនតូនី ថ្លើនខន ដែលបានអះអាងជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះមជ្ឈភាព អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ស្របតាមទស្សនៈដោយអាសាន ស្ដីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសទាំងអស់ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ស.រ.អា ក្នុងការ គ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់ដោយសារជំងឺនេះ ពន្លឿនការស្តារឡើងវិញ នៃសេដ្ឋកិច្ច-សង្គមឱ្យបានឆាប់រហ័ស ព្រមទាំងការកសាងភាពរឹងមាំទប់ទល់នឹងវិបតិ្តសុខាភិបាល នាពេលអនាគត។ អាស៊ានបានស្វាគមន៍ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះគំនិត ផ្តួចផ្តើមជំងឺកូវីដ-១៩ របស់អាស៊ាន រួមមាន មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ លោករដ្ឋមន្ត្រីការបរទេស អេនតូនីនខេន បានរំលេចអំពីតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសផ្ដល់ជំនួយដ៏ធំ បំផុតដល់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) និងការគាំទ្រដល់តំបន់ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកជាទឹកប្រាក់ចំនួន ១១២លានដុល្លារអាមេរិក ក្នុងក្របខ័ណ្ឌជំនួយ សម្រាប់សង្គ្រោះបន្ទាន់ផ្នែកសុខាភិបាល និងមនុស្សធម៌ ដល់បណ្តាប្រទេស សមាជិកអាស៊ាន។
រដ្ឋមន្ត្រីការបរទេសទាំងអស់បានសម្ដែងសុទិដ្ឋិនិយមថា ផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ដែលបានឯកភាពរួចគឺដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា និងកិច្ចសហ ប្រតិបត្តិការ តាមរយៈយន្តការអនុតំបន់ រួមទាំងគំនិតផ្តួចផ្តើមមេគង្គ-ស. រ.អា នឹងនាំមកនូវលទ្ធផល ប្រកបដោយផ្លែផ្កា នៅក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រួមមានវិស័យ ពាណិជ្ជកម្មនិងការវិនិយោគ សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងការបង្រួមគម្លាតអភិវឌ្ឍន៍ និងបញ្ហាសន្តិសុខឆ្លងដែន។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏បានផ្លាស់ប្ដូរយោបល់គ្នា ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលផ្ដល់សារៈសំខាន់ដល់សន្តិភាព ស្ថិរភាព និង សន្តិសុខក្នុងតំបន់។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តចំពោះ សហរដ្ឋអាមេរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ ១៩ និងងើបចេញពីផលប៉ះពាល់នៃជំងឺនេះដោយភាពរឹងមាំ ស្របពេលដែល លោក បាន សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវ វ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ លោក បានបង្ហាញនូវការជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា ដែលត្រូវបានលើកកម្ពស់ គឺនឹងផ្តល់នូវផលប្រយោជន៍ យ៉ាងពិសេសដល់ការកសាងសហគមន៍អាស៊ាន។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកការព្រួយ បារម្ភជាមួយរដ្ឋមន្ត្រីផ្សេងៗទៀត ជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែល កំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗទៀត។ លោក បានសង្កត់ធ្ងន់លើសារៈ សំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របពេល លោក គូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថា គ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង លោក បានលើកទឹកចិត្ត ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរិមា ដើម្បីចៀសវាងការបន្តឹងស្ថាន ការណ៍បន្ថែមទៀត និងដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាម ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។ កិច្ចខិតខំប្រឹងប្រែងនានាគួរត្រូវបានផ្តោតការយកចិត្តទុកដាក់ លើការពន្លឿន ការបញ្ចប់ក្រុមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារ និងមានប្រសិទ្ធភាព ព្រម ទាំងការអនុវត្តយ៉ាងពេញលេញនូវវិធានការណ៍ដែលបានឯកភាពគ្នារួច ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ លោក ក៏បានលើកឡើងពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយលោកបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាច ខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ស្ថិរភាពក្នុងតំបន់ និង ការកសាងសហគមន៍អាស៊ាន លោក បានគូសបញ្ជាក់អំពីការឯកភាពគ្នាជាឯកច្ឆន្ទលើបំ ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដែលបានសម្រេចកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ និង ឆន្ទៈនយោបាយរបស់អាស៊ានក្នុងការគាំទ្រដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនា៕
ដោយ៖ សុខ ខេមរា