ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ផ្នែកខាងត្បូងនៃភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រយៈពេល១៤ថ្ងៃ ជាបណ្តោះអាសន្ន !

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ផ្នែកខាងត្បូងនៃភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រយះពេល១៤ថ្ងៃ ជាបណ្តោះអាសន្ន ក្នុងគោលបំណងធានាដល់ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តក្រុងព្រះវិហារ ។

រដ្ឋបាលខេត្តព្រះវិហារ សម្រេច; 

ប្រការ១៖ ត្រូបានបិទខ្ទប់តំបន់ផ្នែកខាងត្បូងនៃភូមិគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលជាតំបន់ឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល២(ពីរ)សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោល បំណងធានាដល់ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និង ទប់ស្កាត់មិនឲ្យឆ្លងរាលដាលតំបន់ផ្សេងទៀតរហូតដល់មានការចេញសេចក្តីសម្រេចសារជាថ្មី។

ប្រការ២៖ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញចូល លើកលែងតែក្នុងករណីចាំបាច់ដូចខាងក្រោម ៖ 

–ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩តាមការកំណត់ និងនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់

 –ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព

_ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ផ្សេងទៀតតាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច -ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតជាមុនពីអាជ្ញាធរ មានសមត្ថកិច្ចទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលរួមមាន ការពាក់ ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោក និងការវាស់ កម្ដៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ប្រការ៣ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សលើកលែងតែក្នុងករណីចាំបាច់ដូចខាងក្រោម ៖

–ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត៕

ដោយ ៖ សិលា


ចែករំលែក៖