ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១២០នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។
ករណីទី១ ដល់ទី១៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី១៦ ដល់ទី៤៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤៥ ដល់ទី៤៦ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤៧ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី៤៨ ដល់ទី៧៧ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី៧៨ ដល់ទី៧៩ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់ ករណីទី៨០ ដល់ទី៨៣ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពី ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ករណីទី៨៤ ដល់ទី៩៥ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ករណីទី៩៧ ដល់ទី៩៧ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ ថាំង វណ្ណា។ ជាមួយគ្នានេះ ករណីទី៩៨ ដល់ទី១០២ ករណីមានប្រភពចម្លងចេញពីពន្ធនាគារខេត្តសៀមរាប និងករណីទី១០៣ ដល់ទី១១៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី១១៦ ដល់ទី១២០ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
អ្នកជាសះស្បើយទាំង ៤៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨៣១នាក់ បានព្យាបាលជាសះស្បើយចំនួន១១០៩នាក់ ស្លាប់២៦នាក់ និង១៦៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨៨៩នាក់ទៀត ជាសះស្បើយ ៨៤៩នាក់ និងស្លាប់ ២៧នាក់៖
– ករណីឆ្លងសហគមន៍ ៦៨២នាក់
– អ្នកដំណើរពីបរទេស ២០៧នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 65,500 នាក់
– អ្នកជាសះស្បើយ= 57,027 នាក់
– អ្នកស្លាប់= 1,052 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ៕
ដោយ ៖ សិលា