ស្នងការប៉ូលិសជាតិជប៉ុនបានប្រកាសឱ្យដឹងថា មានកម្លាំងប៉ូលិសដល់ទៅ៣៦.៥០០នាក់ ក្នុងចំណោមកម្លាំងសន្តិសុខសរុប៦០ពាន់នាក់ការពារការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ជាមួយគ្នានោះកម្លាំងប៉ូលិសជាង១១ពាន់នាក់មកពីបណ្តាខេត្តមកជួយការពារ។
ស្នងការប៉ូលិសជាតិជប៉ុន NPA បានឱ្យដឹងទៀតថា លោកបានដាក់ពង្រាយកម្លាំងប៉ូលិសដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសម្រាប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូនាពេលខាងមុខ។
តាមការលើកឡើងរបស់ NPA កម្លាំងសន្តិសុខបានដាក់ពង្រាយតិចជាងគម្រោងដែលបានគ្រោងទុកពេលដំបូង ដោយសារតែទីតាំងប្រកួតកីឡាមិនអនុញ្ញាតឲ្យអ្នកដំណើរចូលទស្សនានោះឡើយ ដោយបារម្ភខ្លាចឆ្លងកូវីដ-១៩ជាទ្រង់ទ្រាយធំ ។
ក្នុងចំណោមកម្លាំងសន្តិសុខ ៦០ពាន់នាក់ គឺបានដាក់ពង្រាយនៅខេត្តក្រុងដែលរៀបចំការប្រកួតអូឡាំពិក មានដូចជាខេត្តកាណាហ្គាវ៉ា មាន៧.០០០នាក់ ខេត្តជីបា ៤.៦០០នាក់ ខេត្តហុកកៃដូមាន ៣.៤០០នាក់ ក្រៅពីនេះគឺមួយខេត្តមានប៉ូលិសជាង១ពាន់នាក់ដាក់ការពារ។
ពេលនេះគណៈប្រតិភូកីឡាបរទេសបានទៅកាន់ជប៉ុនរួចរាល់ហើយដើម្បីត្រៀមប្រកួតកីឡាអូឡាំពិក តូក្យូ ដែលនឹងបើកសម្ពោធនៅថ្ងៃទី២៣ខែកក្កដានេះ។
នៅថ្ងៃទី១៦ខែកក្កដា មានក្រុមកីឡាករមកពីប្រទេសហុល្លង់ កាណាដា ឆេក អេក្វាឌ័រ បានទៅដល់អាកាសយានដ្ឋាន Narita ប្រទេសជប៉ុន ។ ចំណែកគណៈប្រតិភូកីឡាករប្រទេសផ្សេងទៀតនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាបន្តបន្ទាប់ ៕
ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)