ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ប្រឈមមុខតានតឹងដាក់គ្នា ដោយសារតែកូនស្រីឯកអគ្គរដ្ឋទូត

ចែករំលែក៖

ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងកាប៊ុលនឹងប៉ាគីស្ថានកាន់តែអាក្រក់ទៅៗក្រោយពេលកូនស្រីឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវគេចាប់ជំរិត និងធ្វើទារុណកម្ម។

ក្រសួងការបរទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៨ខែកក្កដា បានឱ្យដឹងថា អាហ្វហ្គានីស្ថាន បានកោះហៅមន្ត្រីស្ថានទូតវិលត្រឡប់មកកាន់ទីក្រុងកាប៊ុលវិញ រហូតដល់ការគំរាមកំហែងពីសន្តិសុខនៅក្នុងប្រទេសប៉ាគីស្ថានបានបញ្ចប់។
សកម្មភាពខាងលើកើតឡើងក្រោយពេលមួយថ្ងៃដែលមន្ត្រីអាហ្វហ្គានីស្ថានបានប្រកាសថា នាង Silsila Alikhel ត្រូវបានជនមិនស្គាល់មុខចាប់ខ្លួនហើយធ្វើទារុណកម្មលើរាងកាយនាងជាច្រើនម៉ោង ក្នុងពេលដែលនាងកំពុងតែធ្វើដំណើរនៅក្នុងរដ្ឋធានីប្រទេសប៉ាគីស្ថាន ។
តាមសារព័ត៌មាន Sputnik បានផ្សាយថា នាង Silsila Alikhel ត្រូវបានក្រុមជនមិនស្គាល់មុខដោះលែងវិញ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីតាមដានសុខភាពក្រោយមានរបួសធ្ងន់។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានកោះហៅមន្ត្រីការទូតទាំងអស់ឱ្យ វិលត្រឡប់មកប្រទេសវិញដើម្បីប្រឆាំងនិងសកម្មភាពហិង្សាទៅលើគ្រួសារមន្ត្រីស្ថានទូត ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា សន្តិសុខការពារក្រុមមន្ត្រីស្ថានទូតមិនបានល្អឡើយ។
ទំនាក់ទំនងរវាងទីក្រុងអ៊ិស្លាមម៉ាបាដ នឹងទីក្រុងកាប៊ុល កំពុងប្រឈមមុខតានតឹងដាក់គ្នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងពេលដែលអាមេរិក និងអង្គការណាតូ កំពុងដំណើរការដកទាហានចេញពីអាហ្វហ្គានីស្ថាន ។ ការវាយប្រហារគ្នា រវាងទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងខ្មាន់កាំភ្លើងក្រុមតាលីបង់ បានកើនឡើងរយៈពេលចុងក្រោយនេះ ។ ការវាយប្រហារគ្នា បណ្តាលឲ្យក្រុមទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថានជាច្រើនបានរត់ទៅកាន់ទឹកដីប៉ាគីស្ថាន៕

ដោយ៖ ធីរីណា(រូបថត៖PressWire)


ចែករំលែក៖