កម្លាំងប៉ូលិសថៃបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករនៅក្នុងទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ហើយរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងក្នុងប្រទេសនេះ។
ពលរដ្ឋថៃរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅជិតអគាររដ្ឋាភិបាលក្នុងទីក្រុងបាងកកនាល្ងាចថ្ងៃទី១៨ខែកក្កដា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។ ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសដែរ ក្រោយពេលប៉ូលិសព្យាយាមទប់ស្កាត់ក្រុមបាតុករឆ្ពោះទៅកាន់តំបន់សំខាន់ៗ ។
បាតុកម្មបានធ្វើឡើងដោយក្រុមយុវជនសេរីដោយមានលើកស្លាក
បដាទាមទារឱ្យប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ។ ជាមួយគ្នានោះក្រុមបាតុករក៏បានដុតរូបរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាផងដែរ ។ កម្លាំងប៉ូលិស ជាង២០០០នាក់បានដាក់ពង្រាយទប់ស្កាត់ក្រុមបាតុករចូលទៅកាន់ទីតាំងរដ្ឋាភិបាល។
បាតុកម្មកើតឡើងក្នុងពេលដែលប្រទេសថៃកំពុងប្រឈមការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ជារៀងរាល់ថ្ងៃ។ កាលពីថ្ងៃទី១៨ខែកក្កដារដ្ឋាភិបាលថៃ រកឃើញករណីឆ្លងកូវីដ-១៩ថ្មីដល់ទៅជាង១១ពាន់នាក់ជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ-១៩ មក។ រដ្ឋាភិបាលថៃបានហាមប្រាមពលរដ្ឋជួបជុំគ្នាលើសពី៥នាក់ក្នុងក្រុមបាងកកនិងតំបន់នៅជិតខាង ហើយអនុវត្តបម្រាមគោចរនៅពេលយប់។
អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ ទើបតែបានរាយការណ៍ពីចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១១,៧៨៤នាក់ ដែលត្រូវបានរកឃើញក្នុងអំឡុងពេល២៤ម៉ោងមុន ខណៈអ្នកជំងឺ៨១នាក់ទៀតបានបាត់បង់ជីវិត។
តួលេខខាងលើនេះ គឺជាអត្រាឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយទៀត និងជាការហក់ឡើងក្នុងរយៈពេល៦ថ្ងៃជាប់ៗគ្នាមកហើយ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់៤១៥,១៧៩នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ៣,៤២២នាក់ និងជាសះស្បើយវិញជិត ២៩០,០០០នាក់៕
ដោយ៖ធីរីណា(រូបថត៖Reuters )