ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី យក់ សម្បត្តិ ៖ នៅព្រឹកនេះកម្ពុជា បានដឹកជញ្ជូនអំណោយតាមយន្តហោះពិសេសយកទៅផ្តល់ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១នេះ  ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង។

 សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកសុីសែនស្វ័យប្រវត្តិចំនួន ១០០គ្រឿងជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។ 

 សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម និងតាមរយ:លោកស្រី ម៉ែន សំអន សមាគមមិត្តភាពកម្ពុជា វៀតណាម ឧបត្ថម្ភថវិកាចំនួន ៥មុឺនដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមផងដែរ។

សូមគូសបញ្ជាក់ថា, ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន  ការផ្តល់ជំនួយថវិកា និងម៉ាសនេះ គឺជាការបង្ហាញនូវស្មារតីរួមសហការគ្នា និងរួមសុខរួមទុក្ខក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កន្លងមកកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាសទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។

បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញនេះ​ បានចុះផ្សាយថា​៖​ អាជ្ញាធរវៀតណាម​ បានប្រកាសបិទខ្ទប់តំបន់ភាគខាងត្បូងទាំងមូលនៃប្រទេសរយៈពេល ២សប្ដាហ៍ ដើម្បីទប់ស្កាត់ករណីឆ្លង COVID-19 ប្រចាំថ្ងៃ ដែលកំពុងកើនឡើងយ៉ាងគំហុក។

ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយបន្តថា​ វិធានការបិទខ្ទប់តំបន់ភាគខាងត្បូងប្រទេសទាំងមូលនេះ​ នឹងត្រូវចូលជាធរមាននៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យទី១៨​ កក្កដា​នេះ ហើយតំបន់ដីសណ្ដរទន្លេមេគង្គ និងតំបន់នានាក្នុងទីក្រុងហូជីមិញ ក៏នឹងត្រូវស្ថិតនៅក្រោមការអនុវត្តវិធានការបិទខ្ទប់នេះដែរ។ ចំណែក​ទីក្រុងហូជីមិញ ដែលជាចំណុចកណ្ដាលនៃករណីឆ្លង COVID-19 នៅប្រទេសវៀតណាម​ ត្រូវបានបិទខ្ទប់ទាំងស្រុងអស់រយៈពេលមួយសប្ដាហ៍មកហើយ។

បើតាមអាជ្ញាធរវៀតណាម បានគូសបញ្ជាក់ថា​៖ ការជួបជុំចាប់ពី ២នាក់ឡើងទៅនៅតាមទីសាធារណៈត្រូវបានឃាមឃាត់ លើកលែងតែការជួបជុំរបស់អាជ្ញាធរ, មន្ទីរពេទ្យ ខណៈប្រជាជនអាចចេញក្រៅផ្ទះបានសម្រាប់តែការទិញម្ហូប, ថ្នាំពេទ្យ ឬករណីពិសេសបន្ទាន់ដែលអាជ្ញាធរ អនុញ្ញាតតែប៉ុណ្ណោះ៕

ដោយ ៖ សិលា


ចែករំលែក៖