ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញពេទ្យសត្វ បង្រ្កាបឃាត់រថយន្តមួយគ្រឿង ដឹកសត្វជ្រូករស់ចំនួន៦០ក្បាល ពុំមានវិញ្ញាបនបត្របញ្ជាក់ពីសុខភាពសត្វ , លោតឆ័ត្រ !

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញនេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម បានស្ទាក់ឃាត់រថយន្តមួយគ្រឿង ដែលដឹកសត្វជ្រូករស់ចំនួន៦០ក្បាល គ្មានច្បាប់អនុញ្ញាត មានន័យថា, ការដឹកជញ្ជូនលោតឆ័ត្រ។

ករណីបង្ក្រាបនេះធ្វើឡើង នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលពុំមានវិញ្ញាបនបត្របញ្ជាក់សុខភាពសត្វពីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម នោះទេ ។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញបាន បានឲ្យដឹងថា , រថយន្តមួយគ្រឿងនេះ SSANG YONG ISTANA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-5394 ចេញដំណើរមកពីផ្សារប៉័ងសី ភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ឆ្ពោះមករាជធានីភ្នំពេញ ហើយក៏ត្រូវមន្ត្រីជំនាញឃាត់ តែម្តង ។

បច្ចុប្បន្នក្រុមការងារ បានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា, ការលួចដឹកជញ្ជូនសត្វជ្រូកដែលគ្មានលិខិតអនុញ្ញាត ជាហានិភ័យបំផុតចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ខណៈមិនបានត្រួតពិនិត្យអំពីសុខភាពសត្វ ដោយមន្ត្រីជំនាញពេទ្យសត្វ៕

ដោយ ៖ សិលា


ចែករំលែក៖