ខេត្តស្វាយរៀង៖ មន្ត្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ និងជាក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំគ្រួស ស្រុកស្វាយជ្រុំ ដឹកនាំដោយលោក អ៊ឹមសារ៉ា លោកឡុងណារិន និងលោកអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំគ្រួស ពិនិត្យមើលការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ១១ ភូមិ ដែលមានប្រជាពលរដ្ឋសរុប ៨៤៦០នាក់។
ការចុះពិនិត្យនេះធ្វើឡើងនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ស្ថិតក្នុងឃុំគ្រួសស្រុកស្វាយជ្រំដោយមានការអមដំណើរពីលោក ហាន បូរិន លោក មូ ស៊ីហ៊ីនិងសហការីជាច្រើននាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ឹមសារ៉ា បាននាំពាក្យផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ចៅភិរុណ និងណែនាំប្រជាពលរដ្ឋឲ្យអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៣កុំ ៣ការពារ ដើម្បីចូលរួម ការពារពីការឆ្លងជំងឺ covid-19ក៏កាចសាហាវនេះ។
លោកបន្តថាដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន មកដល់ថ្ងៃនេះក្រុងស្វាយរៀង បានបើកយុទ្ធនាការចាក់វាក់សាំងជូនដល់ប្រជាពលរដ្ឋនាពេលនេះ ដោយបានបន្តដំណើរការទៅយ៉ាងរលូន បន្ទាប់ពីប្រជាពលរដ្ឋបានអញ្ជើញមកទទួលការចាក់វ៉ាក់សាំង ទៅតាមការអញ្ជើញ និងពេលវេលាកំណត់របស់អាជ្ញាធរ ហើយបានចូលរួមសហការបានយ៉ាងល្អជាមួយក្រុមការងារទាំងអស់។
បន្ទាប់មកលោក ប្រធានអនុប្រធាននិងសហការី បានប្រគេនសម្ភារគ្រឿងឧបភោគបរិភោគជូនព្រះសង្ឃ ចំនួន២វត្ត មានវត្តគ្រួស និងវត្តក្រសាំងជ្រំ ដោយក្នុងមួយវត្តទទួលបានអង្ករ២បាវ មីខ្លាឃ្មុំ ត្រីខកំប៉ុង ទឹកក្រូច ទឹកបរិសុទ្ធវីតាល់ បច្ច័យចំនួន ២០ ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះលោក តូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀងនិងលោកស្រីព្រមទាំងសហការីបាននាំយកសម្ភារគ្រឿងឧបភោគបរិភោគជូនព្រះសង្ឃ គង់នៅវត្តសាមគ្គីមានជ័យផងដែរ។
ក្រុមការងារក៏បាន និងណែនាំដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល និងជួយផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ្ធចំណុះជើងវត្តត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស់ លាងសម្អាតដៃជាមួយជែល ឬ សាប៊ូ និង រក្សាគម្លាត។
បន្ទាប់មកក្រុមការងារ បានយកចិត្តទុកដាក់ ជួយឧបត្ថម្ភអាហារពីរពេល ក្នុងមួយថ្ងៃ ជូនក្រុមគ្រូពេទ្យខេត្តដែលបានចាក់វាក់សាំងជូនដល់ប្រជាពលរដ្ឋផងដែរ ៕
ដោយ៖យឹម សុថាន