ខេត្តប៉ៃលិន៖ សមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនក្រុមចោរចំនួនបួននាក់ ក្រោយធ្វើសកម្មភាពប្លន់ប្រដាប់អាវុធក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
នគរបាលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីករណីកំហែងយក ( ប្លន់ )ដោយជនមិនស្គាល់មុខកាលពីថ្ងៃទី ១៧ ខែកក្កដាត្រង់ចំណុចដីចម្ការជាប់អូរ ស្ថិតក្នុងភូមិអូរឬស្សីក្រោម ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ កម្លាំងនគរបាលជំនាញស្រុកសាលាក្រៅបានបើកប្រតិបត្តិការ សហការគ្នាជាមួយកម្លាំងមូលដ្ឋានបានប្រមាញ់ស៊ើបអង្កេតស្រាវជ្រាវបន្ទាន់ទាំងយប់ដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យ។
ប្រភពខាងលើបន្ថែមថា ៖ ប្រតិបត្តិការបង្ក្រាបក្តៅខាងលើនេះធ្វើឡើងរយ:ពេល ៣ថ្ងៃទើបកំណត់មុខសញ្ញាបាន ប៉ុន្តែកម្លាំងសមត្ថកិច្ចមិនអាចចូលឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនោះទេរង់ចាំឱកាសល្អទើបឆ្មក់ចូលចាប់ខ្លួនព្រោះមុខសញ្ញាខាងលើមានអាវុធជាប់នឹងខ្លួន។
ការប្រមាញ់ស៉ើបអង្កេតផ្អែកតាមជំនាញបច្ចេកទេសសមត្ថកិច្ចបានបន្ធូរស្ថានការរងចាំអស់រយ:មួយយប់ រហូតដល់ព្រឹកឡើងថ្ងៃទី ១៩ ខែកក្កដា ផ្នែកជំនាញបានរៀបចំផែនការថ្មីបែងចែកកម្លាំងជាពីរក្រុមហើយធ្វើការឡោមព័ទ្ធគោលដៅដែលសង្ស័យមួយកន្លែងនៅត្រង់ចំណុចដីចម្ការដំឡូងខាងកើតសៃឡូតាឡិ។
ការកំណត់គោលដៅមុខសញ្ញាថ្មីនេះបានអូសបន្លាយពេលវេលាដល់ម៉ោងប្រមាណ ០១និង០០នាទីរសៀលរហូតដល់ក្រុមជនសង្ស័យអត់ទ្រាំមិនបាន ក៏បានបន្លំជិះម៉ូតូចេញក្រៅពីចំណុចដេប៉ូ ភ្លាមៗក៏បានប្រទះជាមួយនឹងសមត្ថកិច្ចប្រចាំគោលដៅ ឃើញដូច្នេះក្រុមចោរកាន់តែបង្កើនល្បឿនគេចវេសមិនព្រមឲ្យសមត្ថកិច្ចត្រួតពិនិត្យធ្វើឲ្យកម្លាំងនគរបាលបានប្រដេញប្រកៀកប្រកិតតាមពីក្រោយ រហូតដល់មុខសញ្ញាក្រុមចោរបានផ្ទុះអាវុធសំដៅមករកកម្លាំងសមត្ថកិច្ចចំនួន ៥គ្រាប់ ហើយកម្លាំងក៏បានបាញ់តបតដើម្បីការពារខ្លួនវិញ មិនយូរប៉ុន្មាន មួយសន្ទុះក្រោយមកកម្លាំងនគរបាលក៏បានពួនស្ទាក់ពីមុខផ្លូវចេញសម្រុកចូលឃាត់ខ្លួនបានជនសង្ស័យតែម្តង។
ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន៤នាក់ទី១មានឈ្មោះវ៉ៃ អិ អាយុ ៣៧ ឆ្នាំ,ទី២ឈ្មោះស្រស់ វណ្ណនេត អាយុ ២៣ ឆ្នាំ, ទី៣ឈ្មោះបុល រ័ត្ន អាយុ ៣៣ ឆ្នាំ និងម្នាក់ទៀតទី៤ឈ្មោះយឿន ឈួន អាយុ ១៦ ឆ្នាំទាំងអស់គ្នារស់នៅសង្កាត់ប៉ៃលិននិង ឃុំសាលាក្រៅ ,ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
ក្រោយការបង្ក្រាបនគរបាលដកហូតបានវត្ថុតាងមួយចំនួនរួមមានអាវុធខ្លីកែច្នៃ ចំនួន ០១ ដើម, អាវុធវែងកែច្នៃ ប្រើខ្យល់ ចំនួនមួយដើម, កាំបិតខ្លី ចំនួនមួយដើម និងគ្រាប់កាំភ្លើងប្រភេទ AK ចំនួន ០៧គ្រាប់ផងដែរ។ ជនសង្ស័យ ក៏ដូចជាវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ ស សារ៉េត