ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តកំពង់ចាមបានសហការគ្នាបេីកការបង្ក្រាបការជួញដូរគ្រឿងញៀនចំនួន២ករណីនៅក្នុងភូមិសាស្ត្ររបស់ខ្លួនដោយ ឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន១០កញ្ចប់ និងទូរស័ព្ទដៃចំនួន៥គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដឹកនាំដោយរូបលោកផ្ទាល់ចុះសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអធិការដ្ឋាននគរបាលស្រុកព្រៃឈរបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន២ករណី (ដោយប្រេីវិធានញុះញង់) ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ជា ពែក ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
២-ឈ្មោះ ពុំ ដែន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
៣-ឈ្មោះ អុឹម តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
៤-ឈ្មោះ ទ្រី ផេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
៥-ឈ្មោះ សែត វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងអម្ពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនសង្ស័យទាំង៥នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល(អវិជ្ជមាន) ទាំង៥នាក់ ។
ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់ និងទូរស័ព្ទដៃចំនួន៥គ្រឿង ។ ជនសង្ស័យនិងវត្ថុតាងទាំងនេះត្រូវបាននាំយកមកទុកនៅស្នងការដ្ឋានដេីម្បីត្រៀមបញ្ជូនបន្តទៅសាលាដំបូងខេត្ត ៕
ដោយ ៖ វណ្ណៈ