ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តHILUX REVO បោះពួយទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កហេតុខូចខ្ទេចផ្នែកខាងមុខទៅលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែកក្កដាឆ្នាំ ២០២១ នៅមុខស្ថានីយប្រេងតូតាល់តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តTOYOTA HILUX REVO មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-7646ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាតចេញពីជួរ។ភ្លាមនោះម្ចាស់រថយន្តបានថយរថយន្តមកក្រោយប្រមាណជាង៥០ម៉ែត្របម្រុងបើកគេចខ្លួនចេញពីកន្លែងកើតហេតុ តែរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។ បន្ទាប់មកម្ចាស់រថយន្តបានបើកទ្វារចុះរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ