ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថា៖ ខណៈដែលប្រទេសជាច្រើន បាននឹងកំពុងជួបប្រទះនូវបញ្ហាកង្វះខាតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ កម្ពុជាឯណេះ បើទោះមិនមែនជាប្រទេសអ្នកមានស្តុកស្តម្ភ បាននឹងកំពុងជំរុញយន្តការចាក់វ៉ាក់សាំងទូទាំងប្រទេស ដែលយន្តការនេះ ថែមទាំងមាននូវការលើកទឹកចិត្តដល់ពលរដ្ឋខ្លួនដើម្បីបានមកទទួលយកវ៉ាក់សាំងដោយមិនគិតថ្លៃ។ បើទោះជាមានឧបសគ្គយ៉ាងណា យន្តការនេះ គិតមកត្រឹមពេលនេះ សម្រេចបានលទ្ធផលគួរជាទីមោទនៈ។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា តើេនះជារឿងចៃដន្យទេ?
មិនមែនទេ! រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន គ្រប់ពេលវេលា នៅជាប់នឹងប្រជាជន ស្គាល់សុខទុក្ខប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន។ ការបង្កើតច្បាប់គ្រប់គ្រងជំងឺកាចសាហាវ ការដាក់បទបញ្ជាក្នុងការបិទខ្ទប់តំបន់ហានិភ័យ និងការអនុវត្តច្បាប់ជាបន្តបន្ទាប់ទៅលើជនល្មើសមួយចំនួនតូច សុទ្ធសឹងតែជាការអនុវត្តដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ។ សង្ឃឹមថាមកដល់ពេលនេះ មនុស្សកាន់តែច្រើនបានយល់ច្បាស់ពីរឿងនេះ។
ក្រៅពីការដោះស្រាយនូវបញ្ហាសុខមាលភាពប្រជាពលរដ្ឋខ្លួន ការជំរុញនូវយន្តការនៃការចាក់វ៉ាក់សាំងនេះទៀតសោត ក៏ដើម្បីបង្កលទ្ធភាពឲ្យមាននូវការបើកឡើងវិញនូវសង្គមសេដ្ឋកិច្ច (តាមបែបគន្លងថ្មី) ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋយើង អាចប្រកបរបរទទួលទានបានធម្មតា ដែលនេះជាកត្តាមួយជួយជំរុញបន្ថែមនូវកម្រិតជីវភាពគ្រួសារខ្លួនផង និងជំរុញសេដ្ឋកិច្ចសង្គមជារួមផង។ បងប្អូនប្រាកដជាមើលឃើញហើយថា មកដល់ពេលនេះ មិនថាជាប្រទេសជឿនលឿន ឬអន់ថយនោះទេ យន្តការនៃការចាក់វ៉ាក់សាំងគឺជាជម្រើសតែមួយគត់ដើម្បីដោះស្រាយបញ្ហាខាងលើ។
អ្វីដែលយើងទាំងអស់គ្នាគួរអបអរសាទរដល់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នោះគឺការប្រមើលមើលស្ថានការណ៏បានយ៉ាងត្រឹមត្រូវ ដែលឈានទៅដល់ការកំណត់យកយន្តការនៃការចាក់វ៉ាក់សាំងនេះ ជាអាទិភាពតាំងពីដំបូង ក្រោយពីពិនិត្យយ៉ាងហ្មត់ចត់ទៅលើប្រសិទ្ធភាពវ៉ាក់សាំង ដែលនឹងត្រូវចាក់ជូនប្រជាពលរដ្ឋខ្លួន។ ជាងនោះទៅទៀត រាជរដ្ឋាភិបាល បានប្រើប្រាស់នូវគ្រប់យន្តការអន្តរជាតិទាំងអស់ដើម្បីស្នើសុំ និងទិញយកវ៉ាក់សាំងជាបន្តបន្ទាប់ដើម្បីធានាថា ជនកម្ពុជាគ្រប់រូបនឹងពិតជាទទួលបានការការពារដោយស្មើភាពគ្នា។ ក្រោមកិច្ចសហការល្អ មកដល់ពេលនេះ កម្ពុជាអាចធានាបាននូវវ៉ាក់សាំងគ្រប់ចំនួនដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួន។
ក្រៅពីការអបអរសាទរនេះ នោះគឺការដឹងគុណទៅដល់អ្នកពាក់ព័ន្ធទាំងឡាយ ដែលក្នុងនោះរួមមានប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ក្រុមគ្រូពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បុគ្គលិកអនាម័យ និងបងប្អូនប្រជាពលរដ្ឋល្អទាំងអស់ដែលបានចូលរួម។
ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕
ដោយ៖សហការី