ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖​ អ្នកជំងឺកូវីដ​-១៩ចំនួន​ ១០៨នាក់បន្ថែមទៀតបានស្លាប់,​ ខណៈ​អាជ្ញាធរ​​ប្រកាសរកឃើញអ្នកឆ្លងថ្មី ជាង១ម៉ឺនបីពាន់នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,០០២ករណីបន្ថែមទៀត​ ហេីយ​នេះជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ដែល​ប្រទេស​នេះមិនធ្លាប់មានពីមុនមក។ ជាមួយគ្នានេះ​ គិតត្រឹម​រយៈពេល ២៤ម៉ោងចុងក្រោយនេះ​ អ្នកជំងឺកូវីដ​ចំនួន ១០៨នាក់ទៀត​ ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ។ក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ អាជ្ញាធរ​រកឃើញ​មនុស្ស​ចំនួន​ ១១,៩៥៣ករណី នៅលើប្រជាជនថៃទូទៅ ខណៈរកឃេីញអ្នកទោសនៅតាមពន្ធនាគារចំនួន ១,០៤៩ករណីទៀត។

គួរជម្រាបថា ប្រទេសថៃ​ កាលពីថ្ងៃចន្ទទី១៩​ ខែកក្កដា​ថ្មី​ៗនេះ​ ក៏បានប្រកាសពីការបញ្ជាទិញ វ៉ាក់សាំងបង្ការ COVID-19 Pfizer ពីសហរដ្ឋអាមេរិកចំនួន ២០លានដូសផងដែរ ស្ថិតក្នុងគោលដៅទប់ទល់ការឆ្លងរាតត្បាត COVID-19 ជាពិសេសគឺវីរុសបម្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងរហ័ស និងងាយបង្កឲ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។​ ទន្ទឹមនឹងនេះ​ ថៃ​សម្រេចបានការចាក់វ៉ាក់សាំង ១៤.៣លានដូស ក្នុងនោះប្រជាជន ៣.៤៥លាននាក់ (៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស​ គិតត្រឹមចុងសប្តាហ៍មុន។

ដោយឡែក​ ប្រទេស​ថៃ​ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៣៩,៤៧៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៦១០នាក់ និងអ្នកជាសះស្បើយ ៣០៤,៤៥៦នាក់​ គិត​ត្រឹម​មកទល់ពេលនេះ៕ដោយ​៖ស​ តារា​

រូបភាព​៖ឯកសារ​ Reuters


ចែករំលែក៖