ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះអគ្គិភ័យឆេះទូកដឹកបន្លែនៅក្រុងកោះរ៉ុងកណ្តាលសមុទ្រខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ម្នាក់ ខណៈ១០នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពីកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរ(មានវីដេអូ)

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ទូកដឹកបន្លែមួយគ្រឿងបានឆេះនៅលើផ្ទៃសមុទ្រ ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ  បានបណ្តាលឲ្យស្លាប់ម្នាក់ ខណៈមនុស្សចំនួន១០នាក់ផ្សេងទៀត ក្នុងនោះមានក្មេងតូចៗចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល។ ជុំវិញបញ្ហានេះអង្គភាពប្រតិកម្មរហ័សរបស់រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហោះលើផេកផ្លូវការផងដែរ។ 

 សូមបញ្ជាក់ថា នៅវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី២១ ខែកក្កដានេះ ស្ថិតនៅចំណុចចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ មានករណីអគ្គិភ័យឆេះទូកដឹកបន្លែចំនួន០១គ្រឿង ទំហំទទឹង ៣.៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម។ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ  បានប្រាប់បណ្តាញព័ត៌មានឱ្យដឹងពីហេតុការណ៍នេះ។

  លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បានបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំស្លាប់ ខណៈ១០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេល តែបានបណ្តាលឲ្យរងបួសមនុស្សចំនួន៦នាក់ផងដែរ។

បើតាមការបំភ្លឺរបស់អ្នកបើកទូក នៅលើទូករបស់ខ្លួនមានដឹកមនុស្សចំនួន១១នាក់ (ស្រី៥នាក់) បានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយយោប្រងប៉ះនឹងបំពង់ស៊ីម៉ំាងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លើងឆាបឆេះ រួចលិចតែម្តង។ ក្នុងករណីជួយសង្គ្រោះប្រជាពលរដ្ឋនេះ គេឃើញថាសមត្ថកិច្ចនិងអាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្រោមការបញ្ជាពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។ ពិសេសសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់សមុទ្រ ដូចជាអ្នកនេសាទជាដើម ប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងសប្តាហ៍នេះ។ 

សូមជម្រាបជូនថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីម្សិលមិញបានបញ្ជាក់ឱ្យដឹងថា នៅសប្ដាហ៍នេះតំបន់មាត់សមុទ្រ ៖

-សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °C

– អាចមានភ្លៀងពីកម្រិតបង្គួរទៅច្រើន ផ្គរ រន្ទះបង្គួរ លាយឡំនិឹងខ្យល់កន្រ្តាក់ក្នុងលឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ។ ទន្ទឹមនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង ( Flash Flood ) ក៏មានភាគរយខ្ពស់ផងដែរ ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជានេសាទបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖