ព័ត៌មានទាន់ហេតុការណ៍៖

មានករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ៨៥ឆ្នាំ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយសារកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ខៀវ អាយុ៨៥ឆ្នាំ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាពហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើង ដែលតម្រូវឱ្យក្រុម គ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:៤៥នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អៀម ខៀវ អាយុ ៨៥ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ និងដាច់សរសៃឈាមក្នុងខួរក្បាល ដោយសារលើសសម្ពាធឈាម និងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។

រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាង ក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ វណ្ណា


ចែករំលែក៖