ព័ត៌មានទាន់ហេតុការណ៍៖

ចិនបដិសេធមិនឱ្យអង្គការ WHO ស្រាវជ្រាវប្រភពកូវីដ-១៩ជាលើកទីពីរឡើយ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនចូលរួមសហការក្នុងការស្រាវជ្រាវពីប្រភពកូវីដ-១៩ ដំណាក់កាលទីពីរ របស់អង្គកាWHO ឡើយ ។
លោក Zeng yixin ប្រធានគណៈកម្មការសុខាភិបាលចិនបានប្រកាសនៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីប៉េកាំង នាថ្ងៃទី ២២ខែកក្កដាថា លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថា អង្គការWHO នៅតែមន្ទិលសង្ស័យ ថាវីរុសកូវីដ-១៩បែកធ្លាយចេញពី មន្ទីរពិសោធន៍របស់ចិន ដោយមានបំណងបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩ដំណាក់កាលទីពីរ ។
លោក Zeng yixin បានឱ្យដឹងថា «គម្រោងស្រាវជ្រាវលើកទីពីររបស់អង្គការសុខភាពពិភពលោកគឺមិនគោរពទៅតាមទស្សនៈរួម និងប្រឆាំងនឹងវិទ្យាសាស្ត្រ។ យើងមិនអាចទទួលយកគម្រោងបែបនេះឡើយ»។
ការប្រតិកម្មខាងលើរបស់ចិន កើតឡើងក្រោយពេលដែលក្រសួងការបរទេសអាមេរិកប្រកាសថា មានបុគ្គលិកនៅមន្ទីរពិសោធន៍ក្នុងទីក្រុងវូហានធ្លាក់ខ្លួនឈឺ មុនពេលចិនប្រកាសពីជំងឺឆ្លងក្នុងទីក្រុងវូហាន។
កាលពីខែមីនា អង្គការ WHO បានប្រកាសរបាយការណ៍ស្រាវជ្រាវពីប្រភពកូវីដ-១៩ ដោយបញ្ជាក់ថា កូវីដ-១៩ ឆ្លងចេញពីសត្វមុនពេលឆ្លងរាលដាលពីមនុស្សទៅកាន់មនុស្ស កាលពីខែធ្នូឆ្នាំ២០១៩ ។
នៅពេលនេះមានពលរដ្ឋជិត៥លាននាក់ហើយបានចុះហត្ថលេខាលើសំណើស្នើទៅកាន់អង្គការសុខភាពពិភពលោកស្នើឲ្យបើកការស្រាវជ្រាវទៅលើមន្ទីរវេជ្ជសាស្ត្រ Fort Detrick របស់អាមេរិក ដោយកូវីដ-១៩អាចកើតចេញពីទីនោះ។ កន្លងមកមន្ទីរពិសោធន៍ Fort Detrickធ្លាប់មានបិទទ្វារគួរឲ្យសង្ស័យ ៕

ដោយ៖ធីរីណា(រូបភាព៖ China SCIO)


ចែករំលែក៖