លោក Sohail Pardis បាន បើករថយន្តចេញពីផ្ទះនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានទៅកាន់ខេត្ត Khost ដើម្បីទទួលប្អូនស្រីមកចូលរួមពិធីបុណ្យ Eid ដែលជាពិធីបញ្ចប់ខែរ៉ាម៉ាឌន។
នេះជាពេលវេលាសម្រាប់ជួបជុំគ្រួសារសប្បាយរីករាយ ។ ប៉ុន្តែលោក Pardis អាយុ៣២ឆ្នាំ មិននឹកស្មានដល់ថាក្នុងដំណើររយៈពេល៥ម៉ោង កាលពីថ្ងៃទី១២ខែឧសភា ត្រូវបានក្រុមតាលីបង់ស្ទាក់ពេលបើករថយន្តឆ្លងកាត់វាលរហោឋាន។
ប៉ុន្មានថ្ងៃមុនទៅទទួលប្អូនស្រី លោក Pardis បាននិយាយទៅកាន់មិត្តភក្តិថា គាត់ត្រូវបានក្រុមតាលីបង់គំរាមសម្លាប់ ក្រោយដឹងថា គាត់ធ្លាប់បានធ្វើការជាអ្នកបកប្រែដល់ទាហានអាមេរិករយៈពេល១៦ខែ។
លោក Abdulhaq Ayoubi មិត្តភក្តិរួមអាជីពជាមួយលោក Pardis បាននិយាយទៅកាន់សារពត៌មានCNNថា«គាត់(Pardis )គឺជាចារបុរសរបស់អាមេរិក ជាភ្នែកច្រមុះអាមេរិក។ ក្រុមតាលីបង់គំរាមសម្លាប់គាត់និងក្រុមគ្រួសារ»។
ពលរដ្ឋនៅក្នុងតំបន់បានឱ្យដឹងថា ក្នុងពេល Pardis បើករថយន្តដល់ទីតាំងដែលក្រុមតាលីបង់ត្រួតពិនិត្យ លោក Pardisបានព្យាយាមបង្កើនល្បឿន ប៉ុន្តែខ្មាន់កាំភ្លើងតាលីបង់បាញ់ប្រហារជាបន្តបន្ទាប់ទៅលើរថយន្តរបស់គាត់ ធ្វើឲ្យរថយន្តរេចង្កូតខុសគោលដៅហើយឈប់។ ខ្មាន់កាំភ្លើងតាលីបង់បានចាប់អូសគាត់ចេញពី រថយន្តហើយកាត់ក្បាលតែម្តង។
លោក Pardis ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ធ្លាប់ធ្វើការឲ្យអាមេរិក បូកទាំងគ្រួសាររាប់ម៉ឺននាក់ រងការគំរាមកំហែងសម្លាប់ពីក្រុមតាលីបង់ក្រោយទាហានអាមេរិកដកចេញពីប្រទេសនេះ។ ជាមួយគ្នានេះដែរអាមេរិកក៏បានខិតខំដើម្បីបញ្ជូនពលរដ្ឋដែលធ្លាប់ធ្វើការឲ្យអាមេរិកព្រមទាំងគ្រួសារទៅរស់នៅក្នុងទឹកដីអាមេរិកដោយស្របច្បាប់ បញ្ជៀសការសម្លាប់ពីក្រុមតាលីបង់។
តាមសារព័ត៌មានCNN មានពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ១៨.០០០ធ្លាប់ធ្វើការឲ្យទាហានអាមេរិក ទទួលបានការផ្តល់អាទិភាព ក្នុងការទៅរស់នៅលើទឹកដីអាមេរិកដោយស្របច្បាប់៕ដោយ៖ធីរីណា
រូបថត៖CNN
រូបថត៖Reuters