ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូធំយ៉ាងលឿនមិនប្រយ័ត្នធ្វើឱ្យជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹងដួលចូលក្រោមរថយន្ត បណ្តាលឲ្យបុរសរូបនោះរងរបួសបាក់ជើង ចំណែកអ្នកបើករថយន្តរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ ចំណុចច្រកចូលមន្ទីរពេទ្យឯករាជ្យ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ស ពាក់លេខភ្នំពេញ 2BJ-2010 បើកបរតាមបណ្ដោយផ្លូវវ៉េងស្រេងក្នុងទិសដៅពីកើតទៅលិច ហើយបានបត់ឆ្វេងឆ្លងផ្លូវ ពេលបត់ដល់ពាក់កណ្តាលផ្លូវដល់ចំណុចកើតហេតុជាប់នឹងមន្ទីរពេទ្យឯករាជ្យ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូធំមួយគ្រឿង ពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BD-0173 ធ្វើដំណើរបញ្រ្ចាសគ្នាក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តបណ្តាលឲ្យដួលម៉ូតូចូលក្រោមរថយន្ត ហើយអ្នកបើកម៉ូតូនោះបានបាក់ជើងរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ