ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទកម្មវិធី “វោហារឆ្នើម” បាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង !

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស សុខា រួមជាមួយភរិយាផង បានចូលរួមពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទកម្មវិធី “វោហារឆ្នើម” បាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់អោយដឹងថា, កម្មវិធី “វោហារឆ្នើម” គឺជាកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ លក្ខណៈជាបុគ្គល និងជាក្រុម សម្រាប់សិស្សានុសិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ចូលរួមប្រកួតប្រជែង ដើម្បីបញ្ចេញសមត្ថភាព ដកស្រង់បទពិសោធន៍ និងបង្កើនភាពក្លាហាន ។

លោកបន្តទៀតថា, ក្នុងនាមជាប្រធានគម្រោងកម្មវិធី “វោហារឆ្នើម” សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទកម្មវិធី “វោហារឆ្នើម” បាត់ដំបង និងក៏សូមថ្លែងអំណរគុណចំពោះ លោក លោកស្រី ដែលបានអញ្ជើញចូលរួម ធ្វើអោយកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ គួរជាទីមោទនៈ ។

ក្នុងនោះដែរ ក៏សូមថ្លែងអំណរគុណចំពោះ លោក លោកស្រី អ្នកនាងកញ្ញាក្រុមការងារ របស់គណៈកម្មការប្រតិបត្តិរៀបចំកម្មវិធី “វោហារឆ្នើម” វាគ្មិន គ្រូបង្វឹក ប្អូនៗ ក្មួយៗបេក្ខជន បេក្ខនារី និងផ្នែកពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តបាត់ដំបង មន្ទីរអប់រំ យុវជន និងកីឡា កងកម្លាំង និងអង្គភាពចំណុះរដ្ឋបាលខេត្តទាំងអស់ ដែលបានរៀបចំ ដឹកនាំ ចាត់ចែង អនុវត្ត និងចូលរួមសហការ រហូតធ្វើឲ្យកម្មវិធី “វោហារឆ្នើម” បាត់ដំបង ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ចាប់តាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ ។

លោកសូមគោរពជូនពរសម្តេចក្រឡាហោម លោក លោកស្រី នាងកញ្ញា ប្អូនៗ ក្មួយៗបេក្ខជន បេក្ខនារីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបានចៀសផុតពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺកាចសាហាវទាំងឡាយទាំងពួង កុំបីអាក់ខានឡើយ៕

ដោយ៖សិលា

 


ចែករំលែក៖