ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ពាក់ព័ន្ធនឹងករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកលើកដែក ខេត្តកណ្ដាលធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

 ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង០៣នាទីថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែកខេត្តកណ្តាល ។

  ជនសង្ស័យទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះគឺ៖

១-ឈ្មោះ មុត​  សុត ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក  ខេត្តកណ្តាល។

២-ឈ្មោះ​ ស៊ន​ អុល​  ភេទ​ប្រុស​ អាយុ​ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិថ្មី ឃុំពាមរាំង​ ស្រុកលើកដែក​ ខេត្តកណ្តាល និងបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួនមាន១-ឈ្មោះត្រាចាក់  ភេទប្រុស​  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់​ ស្រុកលើកដែក​ ខេត្តកណ្តាល និងទី២-ឈ្មោះ​ ឡេង​ ភេទប្រុស​ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក​ ខេត្តកណ្តាល។ 

  សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន៣កញ្ចប់តូច។ 

២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួនមួយគ្រឿង។ 

៣.ដែកកេះចំនួន៣២ និងសម្ភារសម្រាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។

៤.ទូរស័ព្ទដៃម៉ាក OPPO ពណ៌ក្រហម ០១គ្រឿង។ 

៥.កាំភ្លើងខ្យល់ច្នៃចំនួន០១ដើម (មានគ្រាប់) និងកាំបិតកែច្នៃ០១ដើម។ 

   សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃកើតហេតុ​ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អរាយការណ៍ថា មានករណីជួបជុំគ្នាជួញដូរ និងប្រើប្រាស់ថ្នាំញៀននៅចំណុចរោងចិញ្ចឹមមាន់របស់ឈ្មោះ មុត​ សុត​ (នៅទីតាំងកើតហេតុ)​។ បន្ទាប់មកកម្លាំងជំនាញបានសហការ​ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ ចុះស្រាវជ្រាវលើករណីនេះ រហូតដល់ថ្ងៃកើតហេតុខាងលើកម្លាំងប៉ុស្តិ៍ព្រែកដាច់បានកោះហៅឈ្មោះ មុត​ សុត​ មកធ្វើការសាកសួរបំភ្លឺ​ពាក់ព័ន្ធករណីជួបជុំគ្នាផឹកស៊ី និង​ចាក់ធុងបាស់ ។

ជាមួយគ្នានេះកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានចូលរួមធ្វើការសាកសួរបន្ថែមពាក់ព័ន្ធនឹងការងារជំនាញ ហើយបានសំណូមពរទៅ ឈ្មោះ មុត​ សុត ចូលរួមសហការដើម្បីត្រួតពិនិត្យមើលកន្លែងរោងចិញ្ចឹមមាន់របស់ខ្លួន។ ក្រោយទទួលបានការយល់ព្រមពីឈ្មោះ​ មុត​ សុតហើយកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យនៅបរិវេណរោងចិញ្ចឹមមាន់នោះ ក៏បានប្រទះឃើញមានឧបករណ៍ ប្រើប្រាស់ថ្នាំញៀនមួយចំនួន និង​រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់លាក់ក្នុងបំពង់ដែកដំបូលទ្រុងមាន់​ ហើយបានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀត ឈ្មោះ​ ស៊ន​ អុល​ ដែលកំពុងឋិតនៅទីនោះជាមួយឈ្មោះ ស្តុំ​ អិនត្រាចាក់។ ចំណែក​ឈ្មោះ​ ស្តុំ​ អិនត្រាចាក់ បានលួចរត់គេចខ្លួនបាត់ និង​បានបន្តរកឃើញវត្ថុតាងមួយចំនួនទៀតដែលជនសង្ស័យកប់លាក់ទុកក្នុងដី (ពាង)​ ក្នុងទ្រុងមាន់ ក្នុងនោះមានជញ្ជីងថ្លឹង និងសម្ភារសម្រាប់វេចខ្ចប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតនៅចំពោះមុខ ជនសង្ស័យ មុត​  សុត​ និង​ម្តាយបង្កើតរបស់ជននេះ រួមទាំងឈ្មោះ​ កេង​ ថា​ផងដែរ។ បន្ទាប់មកកម្លាំងជំនាញបានធ្វើការចាប់យកវត្ថុតាងដូចបានរៀបរាប់ (ក្នុងវត្ថុតាងខាងលើ)​  និងបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកអធិការដ្ឋានដើម្បីបន្តនីតិវិធី    

    ក្រោយការសាកសួរ ជនសង្ស័យ​ មុត​ សុត​ បានសារភាពថា​ ម្សៅក្រាមចំនួន៣កញ្ចប់នេះ គឺជាថ្នាំញៀនប្រភេទម៉ាទឹកកក ដែលខ្លួន​បានទៅទិញពីឈ្មោះ ឡេង​ ភេទប្រុស​ នៅឃុំកំពង់ភ្នំ​ កាលពីវេលាម៉ោង៣រសៀលម្សិលមិញ​ បានចំនួន៤កញ្ចប់ ក្នុងតម្លៃ ៣០$(សាមសិបដុល្លារ) ដោយខ្លួន និងបក្សពួកបានប្រើប្រាស់​កាលពីយប់មិញអស់មួយកញ្ចប់នៅក្នុងរោងចាំមាន់ (រោងដេកយាម)​ នៅសល់៣កញ្ចប់ខ្លួនឲ្យទៅឈ្មោះ ស្តុំ អិនត្រាចាក់ រក្សាទុក 

ដោយ៖ ស សម


ចែករំលែក៖