ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកលើកដែក ខេត្តកណ្ដាលធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង០៣នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែកខេត្តកណ្តាល ។
ជនសង្ស័យទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះគឺ៖
១-ឈ្មោះ មុត សុត ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
២-ឈ្មោះ ស៊ន អុល ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល និងបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួនមាន១-ឈ្មោះត្រាចាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល និងទី២-ឈ្មោះ ឡេង ភេទប្រុស មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន៣កញ្ចប់តូច។
២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួនមួយគ្រឿង។
៣.ដែកកេះចំនួន៣២ និងសម្ភារសម្រាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
៤.ទូរស័ព្ទដៃម៉ាក OPPO ពណ៌ក្រហម ០១គ្រឿង។
៥.កាំភ្លើងខ្យល់ច្នៃចំនួន០១ដើម (មានគ្រាប់) និងកាំបិតកែច្នៃ០១ដើម។
សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃកើតហេតុក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អរាយការណ៍ថា មានករណីជួបជុំគ្នាជួញដូរ និងប្រើប្រាស់ថ្នាំញៀននៅចំណុចរោងចិញ្ចឹមមាន់របស់ឈ្មោះ មុត សុត (នៅទីតាំងកើតហេតុ)។ បន្ទាប់មកកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ ចុះស្រាវជ្រាវលើករណីនេះ រហូតដល់ថ្ងៃកើតហេតុខាងលើកម្លាំងប៉ុស្តិ៍ព្រែកដាច់បានកោះហៅឈ្មោះ មុត សុត មកធ្វើការសាកសួរបំភ្លឺពាក់ព័ន្ធករណីជួបជុំគ្នាផឹកស៊ី និងចាក់ធុងបាស់ ។
ជាមួយគ្នានេះកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានចូលរួមធ្វើការសាកសួរបន្ថែមពាក់ព័ន្ធនឹងការងារជំនាញ ហើយបានសំណូមពរទៅ ឈ្មោះ មុត សុត ចូលរួមសហការដើម្បីត្រួតពិនិត្យមើលកន្លែងរោងចិញ្ចឹមមាន់របស់ខ្លួន។ ក្រោយទទួលបានការយល់ព្រមពីឈ្មោះ មុត សុតហើយកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យនៅបរិវេណរោងចិញ្ចឹមមាន់នោះ ក៏បានប្រទះឃើញមានឧបករណ៍ ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់លាក់ក្នុងបំពង់ដែកដំបូលទ្រុងមាន់ ហើយបានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀត ឈ្មោះ ស៊ន អុល ដែលកំពុងឋិតនៅទីនោះជាមួយឈ្មោះ ស្តុំ អិនត្រាចាក់។ ចំណែកឈ្មោះ ស្តុំ អិនត្រាចាក់ បានលួចរត់គេចខ្លួនបាត់ និងបានបន្តរកឃើញវត្ថុតាងមួយចំនួនទៀតដែលជនសង្ស័យកប់លាក់ទុកក្នុងដី (ពាង) ក្នុងទ្រុងមាន់ ក្នុងនោះមានជញ្ជីងថ្លឹង និងសម្ភារសម្រាប់វេចខ្ចប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតនៅចំពោះមុខ ជនសង្ស័យ មុត សុត និងម្តាយបង្កើតរបស់ជននេះ រួមទាំងឈ្មោះ កេង ថាផងដែរ។ បន្ទាប់មកកម្លាំងជំនាញបានធ្វើការចាប់យកវត្ថុតាងដូចបានរៀបរាប់ (ក្នុងវត្ថុតាងខាងលើ) និងបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកអធិការដ្ឋានដើម្បីបន្តនីតិវិធី ។
ក្រោយការសាកសួរ ជនសង្ស័យ មុត សុត បានសារភាពថា ម្សៅក្រាមចំនួន៣កញ្ចប់នេះ គឺជាថ្នាំញៀនប្រភេទម៉ាទឹកកក ដែលខ្លួនបានទៅទិញពីឈ្មោះ ឡេង ភេទប្រុស នៅឃុំកំពង់ភ្នំ កាលពីវេលាម៉ោង៣រសៀលម្សិលមិញ បានចំនួន៤កញ្ចប់ ក្នុងតម្លៃ ៣០$(សាមសិបដុល្លារ) ដោយខ្លួន និងបក្សពួកបានប្រើប្រាស់កាលពីយប់មិញអស់មួយកញ្ចប់នៅក្នុងរោងចាំមាន់ (រោងដេកយាម) នៅសល់៣កញ្ចប់ខ្លួនឲ្យទៅឈ្មោះ ស្តុំ អិនត្រាចាក់ រក្សាទុក ៕
ដោយ៖ ស សម